+++++++ខេត្តកណ្តាល៖ ដោយទទួលបានការណែនាំពី ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងមន្ទីរបរិស្ថានខេត្តកណ្តាល បានសហការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ១១៥នាក់។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីស្ថានភាពនៃការប្រើប្រាស់ប្លាស្ទិក ផលប៉ះពាល់ចំពោះសុខភាព និងបរិស្ថាន ព្រមទាំងជំរុញការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ក្នុងឱកាសនោះ អ្នកចូលរួមបានទទួលការអប់រំ និងផ្សព្វផ្សាយអំពីស្ថានភាពទូទៅនៃការប្រើប្រាស់ប្លាស្ទិក ដែលបច្ចុប្បន្នមានការប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ការវេចខ្ចប់ម្ហូបអាហារ ការដាក់ឥវ៉ាន់ និងការប្រើប្រាស់ក្នុងគ្រួសារ។ ទោះបីជាប្លាស្ទិកផ្តល់ភាពងាយស្រួល និងមានតម្លៃទាបក៏ដោយ ក៏ការប្រើប្រាស់ហួសកម្រិត និងការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវ បានបង្កជាបញ្ហាប្រឈមដល់បរិស្ថាន ដូចជា ការបំពុលដី និងប្រភពទឹក ការកកស្ទះប្រព័ន្ធលូ ព្រមទាំងប៉ះពាល់ដល់សោភ័ណភាព និងអនាម័យក្នុងសហគមន៍។ ជាពិសេស ការដុតសំណល់ប្លាស្ទិកនៅទីវាលអាចបញ្ចេញផ្សែង និងសារធាតុបំពុលក្នុងខ្យល់ ដែលបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ ដូច្នេះ ការប្រើប្រាស់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងការចៀសវាងការដុតសំណល់ប្លាស្ទិក គឺជាវិធានការសំខាន់ក្នុងការការពារសុខភាព និងបរិស្ថាន។ទន្ទឹមនឹងនេះ អ្នកចូលរួមក៏ទទួលបានការណែនាំអំពីវិធានការជាក់ស្តែងក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយចាប់ផ្តើមពីសកម្មភាពសាមញ្ញៗក្នុងជីវភាពប្រចាំថ្ងៃ ដូចជា កាត់បន្ថយ និងបដិសេធការប្រើប្រាស់ថង់ប្លាស្ទិកដែលមិនចាំបាច់ ប្រើប្រាស់ថង់ក្រណាត់ ឬកាបូបដែលអាចប្រើឡើងវិញបាន យកដបទឹក និងប្រអប់ដាក់អាហារដែលអាចប្រើប្រាស់បានច្រើនដងតាមខ្លួន ជៀសវាងការប្រើប្រាស់ប្លាស្ទិកតែម្តងហើយបោះចោល ព្រមទាំងញែក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលតាមទីសាធារណៈ ប្រឡាយ និងប្រភពទឹកឡើយ។ការរៀបចំកម្មវិធីនេះ គឺជាការបង្ហាញពីកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពសាធារណៈ និងលើកកម្ពស់ទម្លាប់រស់នៅស្អាត មានអនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថាន។ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័ន ឬបុគ្គលណាមួយតែឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។









