+++++++++++++ខេត្តកណ្តាល៖ ក្នុងគោលបំណងធានាឱ្យកិច្ចដំណើរការគម្រោងអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តកណ្តាល បានបើកវគ្គបណ្តុះបណ្តាលស្តីពី «យន្តការដោះស្រាយបណ្តឹងតវ៉ា» សម្រាប់គម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និង ឯកឧត្តម លី ហ្សេមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ឯកឧត្តម ហាក់ សុខមករាអភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា គម្រោងការព ន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) ជាគម្រោងដែលទទួល បានហិរញ្ញប្បទាន ពីធនាគារពិភពលោក (World Bank) ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ជាភ្នាក់ងារ អនុវត្តគម្រោង ដែលមានទំហំហិរញ្ញប្បទានសរុបចំនួន ១៦៣លានដុល្លារអាម៉េរិក ហើយគម្រោងនេះគ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្តចំនួន ៤ (ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី)។ ដោយឡែកនៅខេត្តកណ្តាល ក្នុងក្រុងតាខ្មៅ គឺពាក់ព័ន្ធនឹងការអភិវឌ្ឍអនាម័យក្រុង ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។កន្លងមកក្រុមការងារគណៈកម្មការអន្តរក្រសួងសហការជាមួយក្រសួងសាមី បាន ប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ និងធ្វើការងារអង្កេតវាស់វែងលម្អិតរួចមកហើយ សម្រាប់ការសាងសង់ស្ថានីយបូម ឬរុញទឹកកខ្វក់ទំហំ ប្រមាណ ២០០០ម៉ែត្រការ៉េ។ឯកឧត្តមបានបន្តទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានចាត់ទុកជា «យុទ្ធសាស្ត្រគន្លឹះ» ក្នុងការបង្កើនសមត្ថភាពដល់គណៈកម្មការ និងអនុគណៈកម្មការខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ឱ្យកាន់តែយល់ច្បាស់ពីនីតិវិធី និងបទដ្ឋានបច្ចេកទេសក្នុងការដោះស្រាយផលប៉ះពាល់ និងការទប់ស្កាត់ ឬដោះស្រាយរាល់បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្នើ ដល់មន្ទីរ អង្គភាពជំនាញ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តយកចិត្ត ទុកដាក់ស្តាប់ និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ឱ្យបានពេញលេញ ដើម្បីឱ្យដំណើរការ នៃកម្មវិធីប្រព្រឹត្តទៅបានជោគជ័យតាមការគ្រោងទុក។ឯកឧត្តម លី ហ្សេមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលបានចូលរួមយ៉ាងសកម្មត្រូវ យកចិត្តទុកដាក់រៀនសូត្រ ស្ដាប់នូវបទបង្ហាញរបស់គ្រូឧទ្ទេស ចោទជាសំណួរ ផ្ដល់ជាគំនិត និងទស្សនៈនិស្ស័យផ្សេងៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ ហើយក៏មានជំនឿជឿជាក់ថាបន្ទាប់ពីមានវគ្គបណ្ដុះបណ្ដាលនេះមក អង្គសិក្ខាកាមនឹងបានយល់ច្បាស់អំពីនីតិវិធីស្ដីពីយន្តការដោះស្រាយបណ្តឹងតវ៉ា ក៏ដូចជាសំណួរចម្លើយ និងយោបល់ផ្សេងៗដែលពាក់ព័ន្ធនឹងការងារដោះស្រាយផលប៉ះពាល់ផងដែរ និងសូមលើកទឹកចិត្តឲ្យមន្ត្រីថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងគម្រោងបន្តសហការយកចិត្តទុកដាក់ ជាមួយនឹងក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ដើម្បីធ្វើយ៉ាងណាដោះស្រាយនូវចម្ងល់ ក៏ដូចជាសំណួរកើតមាននៅពេលដែលយើងអនុវត្តយន្តការបន្តទៀត។









