រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

យុទ្ធនាការ «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ

+++++++++ខេត្តកណ្តាល៖ ក្នុងស្មារតីលើកកម្ពស់សិទ្ធិ សមភាព និងសមត្ថភាពរបស់កុមារី នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរកិច្ចការនារីខេត្ត អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) និងដៃគូពាក់ព័ន្ធ បានរួមគ្នារៀបចំព្រឹត្តិការណ៍ «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» (Run for Girls, Run for All) ដើម្បីអបអរសាទរ «ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦»ក្រោមប្រធានបទ«វិនិយោគលើក្មេងស្រី ពង្រឹងសិទ្ធិ បង្កើនឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង ដើម្បីឈានទៅសម្រេចបាននូវសង្គមដែលមានអារ្យធម៌ខ្ពស់»។ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា៖ ព្រឹត្តិការណ៍នាថ្ងៃនេះមិនមែនគ្រាន់តែជាការរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជា ចលនាសង្គម និងជាសំឡេងរួមគ្នាដើម្បីបញ្ជូនសារទៅកាន់សង្គមថា ក្មេងស្រីគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ សុខភាព ការរស់នៅប្រកបដោយគ្មានអំពើហិង្សា និងគ្មានការរើសអើង ដើម្បីឱ្យពួកគេមានឱកាសបង្កើត និងសម្រេចក្តីសុបិនរបស់ខ្លួន។​លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា៖ កម្មវិធីនេះអាចប្រព្រឹត្តទៅបានគឺដោយសារមាន «សន្តិភាព» ដែលជាគ្រឹះនៃការអភិវឌ្ឍ និងត្រូវបានបន្តពូនជ្រំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបន្តផ្តល់អាទិភាពលើការលើកកម្ពស់ស្ត្រី និងក្មេងស្រី។​ក្នុងឱកាសនោះដែរ លោកជំទាវ បានសង្កត់ធ្ងន់ថា៖ គ្មានក្មេងស្រីណាម្នាក់ត្រូវបានទុកចោលនោះទេ មិនថាក្មេងស្រីរស់នៅទីក្រុង ឬជនបទ និងមិនថាមកពីជីវភាពបែបណាក៏ដោយ សូមក្មេងស្រីហ៊ានសុបិន ហ៊ានធ្វើ និងហ៊ានដឹកនាំវិនិយោគលើក្មេងស្រី គឺជាការវិនិយោគលើអនាគតកម្ពុជា ការវិនិយោគលើការអប់រំ សុខភាព សុវត្ថិភាព និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី គឺជាការវិនិយោគលើគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិទាំងមូល។លោកជំទាវ ចាន់ សុធាវី បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល បន្តរួមគ្នាបង្កើតឱកាស និងបរិយាកាសសុវត្ថិភាពសម្រាប់ក្មេងស្រី។ លោកជំទាវក៏បានលើកទឹកចិត្តដល់ក្មួយៗក្មេងប្រុស និងយុវជន ឱ្យចូលរួមធ្វើជាដៃគូកសាងការផ្លាស់ប្តូរវិជ្ជមាន ព្រោះការលើកកម្ពស់ក្មេងស្រី គឺជាកិច្ចការរបស់មនុស្សគ្រប់រូប ត្រូវតាមស្មារតី «Run for Girls, Run for All»។មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការវិនិយោគលើក្មេងស្រី មិនមែនត្រឹមតែជាការផ្តល់សិទ្ធិស្មើគ្នានោះទេ ប៉ុន្តែគឺជាការវិនិយោគលើអនាគត និងភាពរីកចម្រើននៃសង្គមជាតិទាំងមូល ការផ្តល់ឱកាសទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងការការពារផ្លូវច្បាប់ គឺជាកាតព្វកិច្ចចំបងក្នុងការធានាថាក្មេងស្រីគ្រប់រូបមានភាពអង់អាត និងស្វ័យភាពពេញលេញក្នុងការកំណត់អនាគតរបស់ខ្លួន។ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា៖ ក្មេងស្រីមានសក្ដានុពលខ្ពស់ក្នុងការក្លាយជាអ្នកដឹកនាំគំរូ និងជាភ្នាក់ងារនៃផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍។ ការបង្កើតវេទិកា និងឱកាសឱ្យពួកគេបានបញ្ចេញមតិ និងចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត គឺជាជំហានដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រជាជាតិ។នៅពេលដែលក្មេងស្រីទទួលបានការការពារ ការអប់រំ និងការគាំទ្រពេញលេញ ពួកគេនឹងធំធាត់ឡើងក្លាយជាស្ត្រីដែលមានសមត្ថភាព ម្ចាស់ការ និងជាសសរទ្រូងដ៏រឹងមាំក្នុងការកសាងគ្រួសារ និងសង្គមជាតិ។ ការឆ្លើយតបទៅនឹងតម្រូវការរបស់ក្មេងស្រី គឺជាកត្តាកំណត់មិនអាចខ្វះបានក្នុងការឈានទៅសម្រេចបាននូវសង្គមដែលមានស៊ីវិល័យ និងអារ្យធម៌ខ្ពស់។

អត្ថបទទាក់ទង