រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកល្វាឯម

+++++++++++++++++++ខេត្តកណ្តាល៖ ដើម្បីបំពេញតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន រដ្ឋបាលខេត្តកណ្ដាលបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកល្វាឯម ក្រោមអធិបតីភាពលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុតដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។ពិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណសាលាស្រុកល្វាឯម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននាក់។លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ វេទិកាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ខិតសេវារដ្ឋបាលឱ្យជិតប្រជាពលរដ្ឋ និងផ្តល់ឱកាសក្នុងការទទួលយកនូវសំណូមពរ សំណើ តម្រូវការ និងបញ្ហាប្រឈមនានា ពីសហគមន៍ផ្ទាល់។ ការធ្វើបែបនេះ ជួយឱ្យរដ្ឋបាលខេត្តអាចកំណត់អាទិភាពនៃតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីយកទៅរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានតាមជំហានៗលើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។នៅក្នុងឱកាសនៃអង្គវេទិកានោះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណើ សំណូមពរ និងបញ្ហាប្រឈមសរុបចំនួន ១០ ករណី ដែលភាគច្រើនផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន៖ ការស្នើសុំពាក់ព័ន្ធទៅនឹងបញ្ហាសាលារៀន ផ្លូវ ស្ពាន ទឹក ភ្លើង រាល់សំណូមពរទាំងអស់ ត្រូវបានតំណាងមន្ទីរជំនាញពាក់ព័ន្ធ និងគណៈអធិបតីធ្វើការឆ្លើយតប បកស្រាយ ពន្យល់ណែនាំ និងដាក់ចេញនូវវិធានការដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសំណើណាដែលហួសពីសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំបានបញ្ជាក់ថានឹងរៀបចំចងក្រងជាសំណុំឯកសារ ដើម្បីបញ្ជូនបន្តទៅកាន់អ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងធ្វើការដោះស្រាយជូននៅពេលក្រោយ។វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ ដែលស្តែងឱ្យឃើញពីតម្លាភាព គណនេយ្យភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តកណ្តាល ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

អត្ថបទទាក់ទង