++++++++ខេត្តកណ្តាល៖ ដើម្បីធានាបាននូវភាពរលូន និងប្រសិទ្ធភាព ភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រតិភូ និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្តាល។នៅក្នុងឱកាសចុះពិនិត្យការដ្ឋាននាស្រុកកោះធំ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា។ បេសកកម្មចុះពិនិត្យដោយផ្ទាល់នាពេលនេះ មានគោលបំណងសិក្សា និងវាយតម្លៃលើទិដ្ឋភាពបច្ចេកទេសជាក់ស្តែង ពិនិត្យមើលតម្រាយផ្លូវជីកព្រែក និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្តស្របតាមផែនការមេដែលបានកំណត់ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗឱ្យនៅកម្រិតអប្បបរមា។ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុកកោះធំ ត្រូវបន្តសម្របសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមការងារសាងសង់ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា។បន្ទាប់ពីបានបញ្ចប់សកម្មភាពចុះពិនិត្យការដ្ឋានក្នុងភូមិសាស្ត្រស្រុកកោះធំខេត្តកណ្តាល រួចមកឯកឧត្តម អភិបាលខេត្ត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញបន្តដំណើរចុះទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមអំពីការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ» (FTC) នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ផងដែរ។ ការចុះទស្សនកិច្ចសិក្សានៅខេត្តតាកែវនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបច្ចេកទេសនៃការសាងសង់ ការគ្រប់គ្រងប្រព័ន្ធផ្លូវទឹក ការត្រៀមរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការត្រៀមលក្ខណៈរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតាមសងខាងផ្លូវទឹកប្រវត្តិសាស្ត្រនេះ ដើមី្បទាញយកផលប្រយោជន៍ឱ្យបានអតិបរមាជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច-សង្គមយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនផ្លូវទឹក ប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍតំបន់ជុំវិញឱ្យកាន់តែរីកចម្រើន។ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់ក្រុមការងារបច្ចេកទេស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងប្រវត្តិសាស្ត្រមួយនេះ។សូមបញ្ជាក់ថា៖ «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រដំបូងគេនៅកម្ពុជា ដែលភ្ជាប់ប្រព័ន្ធទន្លេបាសាក់ទៅកាន់ឆ្នេរសមុទ្រខេត្តកែប។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ ជាពិសេសលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន វិស័យកសិកម្ម ធារាសាស្ត្រ ការគ្រប់គ្រងទឹកជំនន់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេឱ្យកាន់តែប្រសើរឡើង៕







