++++++ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លោកស្រី រិន ច័ន្ទម៉ារីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី ដោយមានការចូលរួមពីប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារលោក កូយ ប៊ុណ្ណា អាយុ៤៤ឆ្នាំ ជាពោះម៉ាយពិការជើង មានជីវភាពខ្វះខាត និងមានបន្ទុកចិញ្ចឹមកូនចំនួន៣នាក់ ដែលរស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ក្នុងឱកាសនោះ លោកស្រី រិន ច័ន្ទម៉ារីណា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាក និងងាយរងគ្រោះ។លោកស្រីបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ពិនិត្យមើលស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខ និងផ្តល់ជំនួយមនុស្សធម៌ដល់ជនងាយរងគ្រោះ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍មនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយ ឬស្ថានភាពសង្គមឡើយ។អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានផ្តល់ជូន រួមមាន ឧបករណ៍បំពង់ខ្យល់សម្រាប់លាង និងសប់កង់យានយន្តចំនួន ១គ្រឿង ដើម្បីទុកប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ព្រមទាំងគ្រឿងឧបភោគបរិភោគបន្ថែមមួយចំនួនរួមមាន៖ អង្ករ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ១កេស។








