រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព

+++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារ ទទួលបន្ទុករៀបចំការជូនដំណើរប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនសម្ភារៈប្រើប្រាស់ឱ្យបានល្អ ដោយមានមន្ត្រីជំនាញ និងក្រុមគ្រូពេទ្យចូលរួមតាមដាន និងជួយដោះស្រាយបញ្ហាដែលអាចកើតមានក្នុងអំឡុងពេលធ្វើដំណើរ ជាមួយគ្នានេះ ក្រុមការងារត្រូវបន្តសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៅខេត្តស្ទឹងត្រែង ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានការស្វាគមន៍ និងការគាំទ្រជាបន្តបន្ទាប់នៅទីតាំងលំនៅឋានថ្មី។ការណែនាំនេះបានធ្វើឡើងក្នុងឱកាស ដែល ឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋខេត្តកណ្តាល ចំនួន ៣៣ គ្រួសារ ស្មើនឹងប្រមាណ ១០០នាក់ ដែលទទួលបានដីឡូត៍ និងផ្ទះ សម្រាប់តាំងទីលំនៅថ្មីក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមអភិវឌ្ឍដោយចីរភាព នៅខេត្តស្ទឹងត្រែង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ការជូនដំណើរប្រជាពលរដ្ឋនាពេលនេះ គឺជាការអនុវត្តជាក់ស្តែងនូវការរៀបចំដោះស្រាយ និងផ្តល់លំនៅឋានជូនប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់រៀបចំតាំងពីដំណាក់កាលដំបូង រហូតដល់ការចាកចេញទៅកាន់ទីតាំងថ្មី ព្រមទាំងបន្តជួយគាំទ្រដល់ប្រជាពលរដ្ឋក្រោយពេលទៅដល់គោលដៅ។ឯកឧត្តមអភិបាលខេត្ត បានស្នើសុំដល់ប្រជាពលរដ្ឋទាំង ៣៣ គ្រួសារ សូមគោរពតាមការណែនាំរបស់ក្រុមការងារ រក្សាសណ្តាប់ធ្នាប់ សាមគ្គីភាព និងចេះជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីឱ្យការធ្វើដំណើរ និងការតាំងទីលំនៅថ្មីប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋត្រូវស្វែងយល់ពីបរិស្ថាន និងស្ថានភាពជាក់ស្តែងនៅទីតាំងថ្មី ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របខ្លួនទៅនឹងការរស់នៅក្នុងសហគមន៍ថ្មី។ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងកសាងជីវភាព ដោយរៀបចំលំនៅឋាន ដាំដុះដំណាំ និងបង្កបង្កើនផលតាមលទ្ធភាព ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការប្រកបរបរចិញ្ចឹមជីវិត ត្រូវរួបរួមគ្នា ការជួយគ្នាទៅវិញទៅមក និងបន្តខិតខំប្រឹងប្រែងដោយអត់ធ្មត់ គឺជាកត្តាសំខាន់ក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង និងបង្កើតអនាគតល្អប្រសើរសម្រាប់កូនចៅជំនាន់ក្រោយ។ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវចេះគ្រប់គ្រង និងប្រើប្រាស់សម្ភារៈ ព្រមទាំងជំនួយដែលទទួលបានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់គ្រួសាររបស់ខ្លួនក្នុងដំណាក់កាលចាប់ផ្តើមជីវភាពថ្មី ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់ប្រជាពលរដ្ឋទាំង ៣៣ គ្រួសារ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព ទទួលបានភាពកក់ក្តៅក្នុងការតាំងទីលំនៅថ្មី និងអាចកសាងជីវភាពរស់នៅបានល្អប្រសើរ មានស្ថិរភាព និងចីរភាពតទៅអនាគត។ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់ ប្រជាពលរដ្ឋទាំង ៣៣ គ្រួសារ ដោយមួយគ្រួសារទទួលបាន៖ អង្ករ១០០kg មី ៥កេស ទឹកសុទ្ធ ៥កេស ត្រីខ ៥យួរ ទឹកត្រីព ២យួរ ទឹកស៊ីអ៊ីវ ២យួរ ឆៃប៉ូវ-សៀង ១ថង ប្រេងឆា ១ដប ប្រហុក ១កែវ ត្រីងៀត ២kg ឈុតសម្ភារៈដំណេក ១ឈុត ឈុតសម្ភារៈផ្ទះបាយ ១ឈុត ថវិកា ១លានរៀល។ សូមជម្រាបផងដែរថា គ្រួសារទាំង ៣៣ គ្រួសារ ដែលទទួលបានដីរស់នៅក្នុងស្រុកស្ទឹងត្រែងរួមមាន៖ ស្រុកកណ្តាលស្ទឹង មានចំនួន ៨គ្រួសារ ស្រុកកៀនស្វាយ មានចំនួន ៥គ្រួសារ ស្រុកខ្សាច់កណ្តាលមានចំនួន ៣គ្រួសារ ស្រុកកោះធំ មានចំនួន ៣គ្រួសារ ស្រុកល្វាឯម មានចំនួន ១គ្រួសារ ស្រុកមុខកំពូល មានចំនួន ១គ្រួសារ ស្រុកអង្គស្នួល មានចំនួន ២ គ្រួសារ ស្រុកពញាឮ មានចំនួន ២គ្រួសារ ស្រុកស្អាង មានចំនួន ៣គ្រួសារ ក្រុងតាខ្មៅ មានចំនួន ៤គ្រួសារ និងក្រុងអរិយក្សត្រ មានចំនួន ១គ្រួសារ។

អត្ថបទទាក់ទង