+++++++++++++++ខេត្តកណ្តាល៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ឆ្នាំ២០២៦ ក្រោមអធិបតីលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនរូប។លោកស្រី យួន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបូកសរុប វាយតម្លៃសមិទ្ធផល និងផ្តល់ឱកាសដល់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ដែលមានស្នាដៃឆ្នើមពីតាមគ្រឹះស្ថានសិក្សា បានចែករំលែកចំណេះដឹង បទពិសោធន៍ និងសកម្មភាពល្អៗ ដើម្បីជំរុញការចូលរួមអភិវឌ្ឍសាលារៀន។លោកស្រីបានបញ្ជាក់ថា យុវជន និងកុមារមានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សាសណ្តាប់ធ្នាប់ វិន័យ អនាម័យ បរិស្ថាន និងសោភ័ណភាពសាលារៀន ព្រមទាំងជួយបង្កើតបរិយាកាសសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ការចែករំលែកបទពិសោធន៍ក៏ជួយបណ្តុះគំនិតច្នៃប្រឌិត សីលធម៌ ឥរិយាបថ សាមគ្គីភាព និងអភិវឌ្ឍសមត្ថភាពយុវជន និងកុមារ ឱ្យក្លាយជាមូលធនមនុស្សមានចំណេះដឹង និងជំនាញសម្រាប់អនាគតផងដែរ។ក្នុងឱកាសនោះ លោកជំទាវ ស្រូយ សុជាតិ បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំចូលរួមលើកកម្ពស់គុណភាពអប់រំ និងជំរុញសកម្មភាពយុវជន និងកុមារ តាមរយៈក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា ចលនាកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។លោកជំទាវបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះមានសារៈសំខាន់ក្នុងការបណ្តុះជំនាញទន់ ស្មារតីទទួលខុសត្រូវ វិន័យ និងសីលធម៌ ដើម្បីឱ្យយុវជន និងកុមារក្លាយជា «កូនល្អ សិស្សល្អ មិត្តល្អ» និងជាពលរដ្ឋសកម្ម មានប្រយោជន៍សម្រាប់សង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលចាត់ទុកមនុស្សជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍជាតិ។ជាមួយគ្នានេះ លោកជំទាវបានចែករំលែកនូវបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការសិក្សា ការងារជំនាញ និងការអភិវឌ្ឍសមត្ថភាព ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ឱ្យបន្តខិតខំសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។ ជាពិសេស ត្រូវចេះផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដោយមិនត្រឹមតែសិក្សាទៅលើទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែត្រូវហ៊ានចូលរួមអនុវត្តផ្ទាល់ ធ្វើផ្ទាល់ និងស្វែងយល់ពីបទពិសោធន៍ជាក់ស្តែង ដើម្បីទទួលបានជំនាញពិតប្រាកដ និងមានសមត្ថភាពដោះស្រាយបញ្ហាបានប្រកបដោយប្រសិទ្ធភាព។








