+++++++++++++++ខេត្តកណ្តាល៖ ធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងគំនិតច្នៃប្រឌិត គឺជាកត្តាស្នូលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ដូច្នេះ សិស្សានុសិស្សគ្រប់រូបត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ។នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវិស័យអប់រំក្នុងខេត្តមានការរីកចម្រើន ជាពិសេសការកើនឡើងនៃចំនួនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអត្រាសិស្សប្រឡងជាប់។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យ គ្រប់វិទ្យាល័យសូមសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗរបស់វិទ្យាល័យ ហ៊ុន សែន ដើមឫស ស្រុកកណ្តាលស្ទឹង ដែលមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិច្រើនស្ទើរតែទាំងអស់ ដើម្បីយកមកចែករំលែក និងអនុវត្តឱ្យសមស្របតាមស្ថានភាពជាក់ស្តែងរបស់សាលា ក្នុងគោលដៅលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង។ឯកឧត្តម គួច ចំរើន ក៏បានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលផ្តល់ឱកាសឱ្យកុមារ និងយុវជនទទួលបានការសិក្សារៀនសូត្រដោយសុខសាន្ត ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីលើកកម្ពស់វិស័យអប់រំ បង្កើនគុណភាពចំណេះដឹង និងកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សានុសិស្ស។ ដូច្នេះ យុវជនត្រូវចេះប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដោយខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព។ទាក់ទងនឹងការអភិវឌ្ឍប្រទេសជាតិ ឯកឧត្តមបានលើកឡើងថា ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ សុទ្ធតែមានសារៈសំខាន់ ប៉ុន្តែធនធានមនុស្សដែលមានចំណេះដឹង និងសមត្ថភាព គឺជាកត្តាចាំបាច់បំផុត។ មនុស្សដែលមានចំណេះដឹង ទោះបីមិនមានទ្រព្យធន ក៏អាចប្រើប្រាស់គំនិត និងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើតឱកាស កែច្នៃធនធានដែលមានស្រាប់ និងកសាងភាពជោគជ័យក្នុងជីវិត អាចក្លាយជាអ្នកមានបាន ផ្ទុយទៅវិញ ទោះបីមានទ្រព្យសម្បត្តិច្រើនក៏ដោយ ប្រសិនបើខ្វះចំណេះដឹង និងសមត្ថភាពក្នុងការគ្រប់គ្រង ក៏មិនអាចធានាបាននូវភាពជោគជ័យយូរអង្វែងនោះដែរ។ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ និងជាពិសេសត្រូវបង្កើនការសិក្សាស្រាវជ្រាវដោយខ្លួនឯង ព្រោះចំណេះដឹងមិនអាចទទួលបានត្រឹមតែតាមរយៈការស្តាប់មេរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ។ ការស្រាវជ្រាវ និងការគិតដោយឯករាជ្យ នឹងជួយពង្រឹងសមត្ថភាព បណ្តុះគំនិតច្នៃប្រឌិត និងបង្កើតសមិទ្ធផលថ្មីៗ ព្រមទាំងអាចកែលម្អចំណេះដឹង និងបច្ចេកទេសដែលមានស្រាប់ឱ្យកាន់តែទំនើប និងមានប្រយោជន៍។ក្រៅពីការលើកទឹកចិត្តលើវិស័យអប់រំ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យនៅតាមមូលដ្ឋាន ជាពិសេសការរៀបចំប្រព័ន្ធបង្ហូរទឹក និងមិនត្រូវបង្ហូរទឹកដោយផ្ទាល់តាមចិញ្ចើមផ្លូវ ដែលអាចបង្កឱ្យផ្លូវឆាប់ខូចខាត និងធ្វើឱ្យបរិស្ថាននៅមុខផ្ទះមានភាពកខ្វក់ ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាបរិស្ថាន និងអនាម័យឱ្យបានល្អប្រសើរ ព្រមទាំងចូលរួមគោរពច្បាប់ទាំងអស់គ្នាទើបជាការប្រសើរ។










