+++++++ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ី ព្រូ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងជាប្រធានក្រុមការងារ ព្រមទាំងសមាជិក នៃក្រុមការងារចុះបេសកកម្មពិនិត្យកន្លែងដកហូតសេរីភាព នៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងជំនួបនេះផងដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តកណ្តាល ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវការគោរពសិទ្ធិមនុស្ស ការពារសិទ្ធិ និងសុខុមាលភាពរបស់អ្នកត្រូវបានដកហូតសេរីភាព ឱ្យស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។ក្នុងឱកាសនោះ ឯកឧត្តម ហ៊ី ព្រូ បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានសម្របសម្រួល និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រុមការងារ គ.ជ.ប.ទ ក្នុងបេសកកម្មលើកនេះ។ ឯកឧត្តមបានបញ្ជាក់ថា៖ បេសកកម្មនាពេលនេះ គឺធ្វើឡើងដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រង លក្ខខណ្ឌរស់នៅ ការថែទាំសុខភាព និងការអនុវត្តបទដ្ឋានច្បាប់នៅតាមកន្លែងដកហូតសេរីភាពនានា ក្នុងគោលដៅទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃទារុណកម្ម ឬការធ្វើបាបបែបអមនុស្សធម៌ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកណ្តាល និងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនាពេលអនាគត៕








