រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំង៣៥៤នាក់ ដែលត្រៀមប្រកួតកីឡាជាតិលើកទី៥ ត្រូវប្តេជ្ញាដណ្តើមមេដាយ និងកិត្តិយសជូនខេត្ត

++++++++++++ខេត្តកណ្តាល៖ ដោយមានមោទនភាពចំពោះសមិទ្ធផលកីឡាដែលខេត្តកណ្តាលសម្រេចបាននាពេលកន្លងមក ជាពិសេសការដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡាជាតិជនពិការ ២លើកជាប់គ្នា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញ និងលើកទឹកចិត្តដល់គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ឱ្យបន្តខិតខំហ្វឹកហាត់ និងប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមមេដាយ និងនាំមកនូវកិត្តិយសជូនខេត្ត ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣។ការជំរុញលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្តាល ដើម្បីផ្តល់ការលើកទឹកចិត្ត និងពង្រឹងស្មារតីដល់ក្រុមអត្តពលិក មុនចេញទៅចូលរួមប្រកួត នៅថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅតាមបណ្តារាជធានី-ខេត្តចំនួន ៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំប្រឹងប្រែងរបស់គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងការប្រកួតកីឡាជាតិកន្លងមក ខេត្តកណ្តាលធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៤ ក្នុងចំណោមរាជធានី-ខេត្តទូទាំងប្រទេស។ ដោយឡែក ក្នុងការប្រកួតកីឡាជាតិជនពិការចំនួន២លើកកន្លងទៅ ខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសទាំងពីរលើក ដែលជាសមិទ្ធផលដ៏គួរឱ្យមោទនភាព និងបង្ហាញពីសក្តានុពលនៃវិស័យកីឡាក្នុងខេត្ត។ឯកឧត្តមអភិបាលខេត្ត បានបន្តថា សមិទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់អត្តពលិក គ្រូបង្វឹក គណៈប្រតិភូ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញ និងអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន។ ជាក់ស្តែង ខេត្តកណ្តាលបានបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡាជាតិទាំង៤លើក និងកីឡាជាតិជនពិការទាំង២លើកកន្លងមក ក្នុងចំនួនច្រើនជាងបណ្តាខេត្តដទៃ ដោយស្ថិតនៅលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ។ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលេងកីឡា ដោយយោងតាមគោលនយោបាយជាតិអប់រំកាយ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវទិសដៅ «យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដោយឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការហ្វឹកហាត់ និងលេងកីឡាមិនត្រឹមតែជួយថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងកម្លាំង ល្បឿន ការស៊ូទ្រាំ និងភាពបត់បែន ព្រមទាំងបណ្តុះស្មារតីសហការជាក្រុម បង្កើតវិន័យ ឥរិយាបថគោរពច្បាប់ គោរពគូប្រកួត និងការប្រកួតប្រជែងប្រកបដោយភាពថ្លៃថ្នូរ។ ជាពិសេស កីឡាជួយអភិវឌ្ឍសមត្ថភាពដឹកនាំ ការយល់ដឹងពីខ្លួនឯង ការផ្តល់តម្លៃដល់អ្នកដទៃ និងការទទួលខុសត្រូវក្នុងសង្គម។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ឱ្យរក្សាសុខភាព វិន័យ សាមគ្គីភាព និងស្មារតីកីឡា គោរពបទបញ្ជាប្រកួត និងគូប្រកួត ដោយប្រកាន់ខ្ជាប់នូវទស្សនៈ «ឈ្នះដោយមោទនភាព ចាញ់ដោយថ្លៃថ្នូរ» ដើម្បីបង្ហាញពីសមត្ថភាព និងកិត្តិយសរបស់អត្តពលិកខេត្តកណ្តាល។យោងតាមរបាយការណ៍របស់លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា គណៈប្រតិភូ និងក្រុមអត្តពលិកខេត្តកណ្តាល ដែលត្រៀមចូលរួមប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ ឆ្នាំ២០២៦ មានសមាសភាពសរុបចំនួន៤៣៤នាក់ ក្នុងនោះមានស្ត្រីចំនួន១៤១នាក់ រួមមាន៖ នាយបេសកកម្មចំនួន៤នាក់ (ស្ត្រី១នាក់) អ្នកដឹកនាំក្រុមចំនួន១២នាក់ (ស្ត្រី១នាក់) គ្រូបង្វឹកចំនួន៦៤នាក់ (ស្ត្រី១៦នាក់) និងកីឡាករ កីឡាការិនីចំនួន ៣៥៤នាក់ (ស្ត្រី១២៣នាក់)។ មានចំនួន ៣៩ប្រភេទកីឡា ក្នុងនោះ កីឡាជាតិ ២៩ប្រភេទ និងកីឡាជាតិជនពិការ ១០ប្រភេទ។

អត្ថបទទាក់ទង