++++++++++ខេត្តកណ្តាល៖ នៅក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចាត់តាំង និងបែងចែកការអនុវត្តភារកិច្ចឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវលទ្ធផលការងារជោគជ័យ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តបានគូសបញ្ជាក់ថា៖ មន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិន័យការងារ គោរពពេលវេលាបំពេញការងារឱ្យបានច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន ដើម្បីលើកកម្ពស់កិត្តិយស និងប្រសិទ្ធភាពការងារក្នុងស្ថាប័នសាធារណៈ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំ និងជំរុញការងារប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋខេត្ត ឱ្យកាន់តែមានភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការសម្របសម្រួល និងការដោះស្រាយបញ្ហាប្រឈម ឬបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋឱ្យមានតម្លាភាព និងយុត្តិធម៌។ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបន្ថែមថា៖ ការងារស្ត្រីនិងកុមារគឺយើងត្រូវយកចិត្តទុកដាក់ និងបង្កើនការគាំពារលើការងារស្ត្រី និងកុមារ តាមរយៈការលើកកម្ពស់សិទ្ធិ អភិវឌ្ឍសមត្ថភាព និងការការពារពួកគេពីអំពើហិង្សាផ្សេងៗ ព្រមទាំងជួយគាំទ្រដល់ជីវភាព និងសុខុមាលភាពរបស់ស្ត្រី និងកុមារក្នុងខេត្តឱ្យកាន់តែមានភាពល្អប្រសើរឡើង។បន្ថែមពីនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់នាពេលកន្លងមកមានកិច្ចសហការល្អ រួមជាមួយវិន័យខ្ពស់ គឺជាសោរគន្លឹះក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តកណ្តាលទាំងមូល៕មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជម្រុញ និងណែនាំដល់បណ្តាមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចការងាររបស់ខ្លួនដែលបានធ្វើល្អប្រសើររួចមកហើយនោះ ឱ្យរឹតតែមានប្រសិទ្ធភាព និងភាពទាន់ពេលវេលាបន្ថែមទៀត ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព។ឯកឧត្តមអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ច និងបម្រើសេវាជូនប្រជាពលរដ្ឋទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់ បន្តស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការងារដើម្បីអភិវឌ្ឍន៍ខេត្តកណ្តាលឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។









