រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមការងារជំនាញខេត្ត ចុះពិនិត្យ និងបំភ្លឺករណីផ្សាយព័ត៌មានមិនប្រក្រតីនៃគម្រោងផ្លូវ បេតុងមូលនិធិ ឃុំឆ្នាំ២០២៦ នៅស្រុកកណ្តាលស្ទឹង

++++++++ខេត្តកណ្តាល៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានរបស់គេហទំព័រ «រស្មីសំពៅមាស» និងសារព័ត៌មាន «វុទ្ធី ព័ត៌មាន» ពាក់ព័ន្ធនឹងការអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេមូលនិធិឃុំឆ្នាំ២០២៦ នៅឃុំអន្លង់រមៀត និងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ក្រុមការងារត្រួតពិនិត្យខេត្ត សហការជាមួយ រដ្ឋបាលស្រុក គណៈកម្មការគ្រប់គ្រងគម្រោងឃុំ អ្នកទទួលការ និងសារព័ត៌ពាក់ព័ន្ធ បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ដែលបានចុះផ្សាយ និងស្វែងរកដំណោះស្រាយបញ្ហាដែលបានលើកឡើង។ក្នុងបេសកកម្មចុះពិនិត្យនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារបានពិនិត្យទីតាំងគម្រោងទាំងពីរឃុំ ដោយផ្តោតលើបញ្ហាដែលសារព័ត៌មានបានចុះផ្សាយថា គម្រោងផ្លូវបេតុងអាមេឃុំអន្លង់រមៀត មានស្នាមប្រេះ និងឡើងក្បាលថ្ម និងឃុំគោកត្រប់ ធ្វើផ្លូវយកស៊ីម៉ង់ត៍មកប៉ាត ឬហៀកពីលើ និងឡើងក្បាលថ្ម។តាមរយះការចុះពិនិត្យជាក់ស្តែង ក្រុមការងារជំនាញបានរកឃើញថា នៅតាមទីតាំងគម្រោងចំណុចមួយចំនួន ពិតជាមានចំណុចខ្វះខាតដូចការលើកឡើងរបស់សារព័ត៌មានមែនតួយ៉ាង៖១).ឃុំគោកត្រប់ ត្រង់កន្លែងមានស្នាមសសោះមុនលើផ្លូវ ដោយសារការចាក់បេតុងរួចមេឃភ្លៀង អ្នកទទួលការលាយស៊ីម៉ង់ត៍យកដាក់កៀរវីពីលើ។២).ឃុំអន្លង់រមៀត ក៏មានសសោះមុខលើផ្លូវ និងស្នាមប្រេះ ដូចសារព័ត៌មានបានចុះផ្សាយមែន។ តាមការឲ្យដឹងពីលោកមេឃុំ គណៈកម្មការគ្រប់គ្រងគម្រោង មេភូមិ មន្ត្រីបច្ចេកទេសស្រុក និងតំណាងរដ្ឋបាលស្រុក បានឲ្យដឹងថា ផ្លូវនេះក្រោយពេលត្រួតពិនិត្យគុណភាព១០០%រួច មានឡានដឹកដី ដឹកខ្សាច់ ដឹកលើសទម្ងន់ឆ្លងកាត់ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅលើខ្នងប្រឡាយ បានផ្លាស់ទីតាំងលំនៅដ្ឋានមកទិញដីនៅក្នុងភូមិ បានស្នើសុំដឹកដីចាក់ដីរបស់ពួកគាត់ ក៏ដឹកឆ្លងកាត់ផ្លូវនេះដែរ។ការចុះពិនិត្យនេះបង្ហាញពីការយកចិត្តទុកដាក់និងការទទួលខុសត្រូវរបស់ក្រុមការងារជំនាញខេត្តចំពោះការលើកឡើងរបស់សារព័ត៌មាន ដោយមិនមើលរំលងរាល់ចំណុចខ្វះខាតដែលបានរកឃើញឡើយ។ ការត្រួតពិនិត្យ និងការកែលម្អគម្រោង គឺជាកិច្ចការចាំបាច់ ដើម្បីធានាថាថវិកាមូលនិធិឃុំត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងទទួលបានសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ជាមួយគ្នានេះ ក្រុមការងារជំនាញខេត្ត សូមស្នើដល់គេហទំព័រ «រស្មីសំពៅមាស» និងសារព័ត៌មាន «វុទ្ធី ព័ត៌មាន» ដែលបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើ មេត្តាចុះផ្សាយព័ត៌មានបំភ្លឺ និងធ្វើបច្ចុប្បន្នភាពឡើងវិញ ដោយបន្ថែមលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង និងវិធានការកែលម្អរបស់ក្រុមការងារជំនាញខេត្ត ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មានពេញលេញ ត្រឹមត្រូវ និងមានតុល្យភាព។ក្រុមការងារជំនាញខេត្តកណ្តាល សូមថ្លែងអំណរគុណចំពោះបណ្តាញសារព័ត៌មាន ដែលបានចូលរួមផ្តល់ព័ត៌មាន និងរាយការណ៍ពីបញ្ហានានានៅមូលដ្ឋាន ព្រោះការចូលរួមនេះជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងគុណភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ផ្អែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យ និងកិច្ចប្រជុំពិភាក្សា លោក ទ្រី ប៊ុនហ៊ាង តំណាងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានណែនាំឱ្យក្រុមហ៊ុនទទួលការកែតម្រូវចំណុចខ្វះខាតបច្ចេកទេសនៅតាមទីតាំងគម្រោងទាំងពីរឃុំ ដោយនៅឃុំគោកត្រប់ និងឃុំអន្លង់រមៀត ត្រូវសម្អាតផ្ទៃផ្លូវដែលមានស្នាមសសោះ សឹក លេចចេញក្បាលថ្ម និងស្នាមប្រេះ រួចប្រើស៊ីម៉ង់ត៍កាវ SikaGrout ឬសម្ភារៈជួសជុលសមស្របតាមបច្ចេកទេស ដើម្បីកែលម្អផ្ទៃផ្លូវឱ្យបានត្រឹមត្រូវ និងមានគុណភាព។ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវអនុវត្តគម្រោងនៅឃុំ សង្កាត់ផ្សេងទៀត ឱ្យស្របតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ទាំងបរិមាណ និងគុណភាព ជាពិសេសការលាយ និងចាក់បេតុង ការធ្វើមុខតំណ ការគ្របការពារនៅពេលមានភ្លៀង និងការចងដែកតាមគម្លាតកំណត់ ០,២០ម៉ែត្រ ឬ២តឹក បួនជ្រុង ដោយមិនត្រូវមានចន្លោះរំលងឡើយ។លោកក៏បានណែនាំឱ្យមន្ត្រីបច្ចេកទេសស្រុក និងគណៈកម្មការគ្រប់គ្រងគម្រោង ពង្រឹងតួនាទី និងការទទួលខុសត្រូវក្នុងការសិក្សា អនុវត្ត តាមដាន និងត្រួតពិនិត្យគម្រោងគ្រប់ដំណាក់កាល រហូតដល់ការទូទាត់ប្រាក់។គួរបញ្ជាក់ថា គម្រោងទាំងនេះកំពុងស្ថិតក្នុងរយៈពេលធានាថែទាំ ៦ខែ ដែលជាបន្ទុករបស់អ្នកទទួលការ ហើយនៅសល់ប្រហែលជាងមួយខែទៀតនឹងបញ្ចប់។ មុនពេលទូទាត់ប្រាក់ធានា ១០% ក្រុមការងារថ្នាក់ខេត្ត នឹងសហការជាមួយរដ្ឋបាលស្រុក និងគណៈកម្មការគ្រប់គ្រងគម្រោងឃុំ ចុះត្រួតពិនិត្យជាថ្មី។ ប្រសិនបើរកឃើញចំណុចខូចខាត ក្រុមហ៊ុនត្រូវជួសជុលឱ្យបានត្រឹមត្រូវជាមុនសិន ទើបអាចអនុវត្តនីតិវិធីទូទាត់ប្រាក់ធានាជូនតាមការកំណត់។

អត្ថបទទាក់ទង