++++++++++++++++++ខេត្តកណ្តាល៖ ដើម្បីបំពេញតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន រដ្ឋបាលខេត្តកណ្ដាលបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។ពិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណសាលាស្រុកខ្សាច់កណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននាក់។ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ វេទិកាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ខិតសេវារដ្ឋបាលឱ្យជិតប្រជាពលរដ្ឋ និងផ្តល់ឱកាសក្នុងការទទួលយកនូវសំណូមពរ សំណើ តម្រូវការ និងបញ្ហាប្រឈមនានា ពីសហគមន៍ផ្ទាល់។ ការធ្វើបែបនេះ ជួយឱ្យរដ្ឋបាលខេត្តអាចកំណត់អាទិភាពនៃតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីយកទៅរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានតាមជំហានៗលើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។ឯកឧត្តមបានបន្តទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាយន្តការប្រជាធិបតេយ្យយ៉ាងសំខាន់ ក្នុងការជំរុញការចូលរួមពីប្រជាពលរដ្ឋតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ។ យន្តការនេះធ្វើឡើងដើម្បីធានាថា ការអភិវឌ្ឍមូលដ្ឋានពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កើនតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ជាមួយគ្នានេះដែរ ឯកឧត្តម ឌឹមបូរ៉ា អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា៖ គណៈអភិបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ។ រាល់បញ្ហាប្រឈមដែលបានលើកឡើង ករណីអាចដោះស្រាយបានភ្លាមៗ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធនឹងបកស្រាយ និងដោះស្រាយជូននៅកន្លែងតែម្តង។ ដោយឡែក សំណើដែលទាមទារពេលវេលា ឬថវិកា នឹងត្រូវកត់ត្រាបញ្ចូលទៅក្នុងផែនការសកម្មភាព ដើម្បីចាត់វិធានការដោះស្រាយជាជំហានៗតាមនីតិវិធី។ជម្រាបជូនផងដែរថា អង្គវេទិកាទទួលបានសំណើជាក្រដាស/លិខិតចំនួន ៥ ស្មើនឹង ៧ សំណើ/បញ្ហា និងផ្ទាល់មាត់ ចំនួន ២ ស្មើនឹង ២ សំណើ/បញ្ហា សរុបសំណើ/បញ្ហាចំនួន ៩ សំណើ/បញ្ហា រួមមាន៖សំណើពាក់ព័ន្ធនឹងផ្លូវ ចំនួន៦ -សំណើពាក់ព័ន្ធនឹងទឹក ចំនួន១ និងសំណើផ្សេងៗ ចំនួន២។ សំណើសំណូមពរទាំងអស់ត្រូវបាន អង្គវេទិកាឆ្លើយតប បកស្រាយ និងចាត់វិធានការ ជូនទាំងអស់។ ដោយឡែក សំណើ សំណូមពរដែលហួសសមត្ថកិច្ច រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាព ពាក់ព័ន្ធនឹងរៀបចំសំណើជូនអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយបន្ត។វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ ដែលស្តែងឱ្យឃើញពីតម្លាភាព គណនេយ្យភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តកណ្តាល ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕











