រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកមុខកំពូល

+++++++++ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅសាលាស្រុកមុខកំពូល ក្រោមអធិបតីភាព ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម លី វុទ្ធី អភិបាលរងខេត្តកណ្ដាល។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននាក់។ ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះបង្កើតឡើងក្នុងគោលបំណងបើកឱកាសឱ្យប្រជាពលរដ្ឋបានសម្តែងមតិ កង្វល់ ព្រមទាំងសំណូមពរផ្សេងៗដោយផ្ទាល់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច។ តាមរយៈយន្តការនេះ រដ្ឋបាលថ្នាក់ក្រោមជាតិអាចទទួលបានព័ត៌មានត្រឡប់ និងស្វែងយល់កាន់តែច្បាស់អំពីបញ្ហាប្រឈមនៅតាមមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាបានទាន់ពេលវេលា និងចំគោលដៅ។ជាមួយគ្នានេះដែរ ឯកឧត្តម លី វុទ្ធី អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា៖ គណៈអភិបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ។ រាល់បញ្ហាប្រឈមដែលបានលើកឡើង ករណីអាចដោះស្រាយបានភ្លាមៗ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធនឹងបកស្រាយ និងដោះស្រាយជូននៅកន្លែងតែម្តង។ ដោយឡែក សំណើដែលទាមទារពេលវេលា ឬថវិកា នឹងត្រូវកត់ត្រាបញ្ចូលទៅក្នុងផែនការសកម្មភាព ដើម្បីចាត់វិធានការដោះស្រាយជាជំហានៗតាមនីតិវិធី។នៅក្នុងដំណើរការនៃវេទិកានេះប្រជាពលរដ្ឋដែលបានចូលរួម បានលើកឡើងនូវសំណួរ និងសំណូមពរជាលាយលក្ខណ៍អក្សរ បានទទួលក្រដាស/លិខិតចំនួន ៥ ស្មើនឹង ៥ សំណើ/បញ្ហា និងផ្ទាល់មាត់ ចំនួន ២ ស្មើនឹង ២ សំណើ/បញ្ហា។ សរុបសំណើ/បញ្ហាចំនួន ៧ សំណើ/បញ្ហា សំណើទាំងនោះផ្តោតសំខាន់លើ សាលារៀនចំនួន១ សំណើពាក់ព័ន្ធនឹងផ្លូវ លូចំនួន១ និងសំណើរផ្សេងៗចំនួន៥។ក្នុងឱកាសបូកសរុប និងដោះស្រាយបញ្ហានៅក្នុងវេទិកា ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការ និងការចូលរួមបញ្ចេញមតិយោបល់យ៉ាងផុសផុល ត្រង់ទៅត្រង់មករបស់ប្រជាពលរដ្ឋស្រុកមុខកំពូល។ ចំពោះសំណើដែលស្មុគស្មាញ និងត្រូវប្រើប្រាស់ថវិកា ឬពេលវេលាយូរ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានកត់ត្រាទុកជាអាទិភាព ដើម្បីបញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង