រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំតាមដានវឌ្ឍនភាព ការងារសំណង់គ្រប់ប្រភេទ និងពិនិត្យពិភាក្សាអំពីការទទួលខុសត្រូវលើសមត្ថកិច្ចត្រួតពិនិត្យសំណង់ថ្នាក់ក្រុង ស្រុក ខេត្ត ក្រសួង និងសិក្សាទិដ្ឋភាពផ្លូវច្បាប់ចំពោះការសាងសង់សំណង់ខុសច្បាប់ នៅខេត្តកណ្តាល

++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារសំណង់គ្រប់ប្រភេទ និងពិនិត្យពិភាក្សាអំពីការទទួលខុសត្រូវលើសមត្ថកិច្ចត្រួតពិនិត្យសំណង់ ព្រមទាំងសិក្សាទិដ្ឋភាពផ្លូវច្បាប់ចំពោះការសាងសង់សំណង់ខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល-អភិបាលរងក្រុង ស្រុក ទាំង១៣ និងមន្ត្រីជំនាញជាច្រើនរូបទៀត។ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះគឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យសំណង់ក្នុងខេត្តឱ្យកាន់តែមានសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងស្របតាមបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ការបែងចែក និងកំណត់ឱ្យបានច្បាស់លាស់នូវដែនសមត្ថកិច្ច និងការទទួលខុសត្រូវក្នុងការត្រួតពិនិត្យការដ្ឋានសំណង់ ចាប់ពីថ្នាក់ក្រុង ស្រុក ថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រសួង ដើម្បីចៀសវាងការខ្វះចន្លោះ ឬភាពត្រួតស៊ីគ្នាក្នុងការអនុវត្តការងារ។ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សាលើទិដ្ឋភាពផ្លូវច្បាប់ និងនីតិវិធីនានា ក្នុងការចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ចំពោះម្ចាស់សំណង់ ឬអ្នកម៉ៅការសាងសង់ទាំងឡាយណា ដែលល្មើសនឹងច្បាប់ស្តីពីសំណង់ ដូចជាការសាងសង់ដោយគ្មានលិខិតអនុញ្ញាត សាងសង់ខុសពីប្លង់អនុញ្ញាត ឬសាងសង់រំលោភលើដីចំណីផ្លូវ ប្រឡាយ និងដីសាធារណៈរបស់រដ្ឋជាដើម។ ឯកឧត្តមអភិបាលរងខេត្ត បានជំរុញ និងណែនាំដល់មន្ទីរជំនាញ និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ចុះពិនិត្យតាមដានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីនីតិវិធីនៃការស្នើសុំច្បាប់សាងសង់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តកណ្តាលឱ្យមានសោភ័ណភាព និងសុវត្ថិភាពខ្ពស់។

អត្ថបទទាក់ទង