រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀនចំនួន២ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល

++++++++++ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម នូ សាខន ប្រធានក្រុម ប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្ដាលបានអញ្ជេីញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀនចំនួន២ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់សំណង់អគារថ្មីទាំង៣ទីតាំងនេះ មិនត្រឹមតែជាការ បំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើប ក្នុងការផ្តល់សេវាសុខាភិបាល និងអប់រំ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគជាយុទ្ធសាស្ត្រលើមូលធនមនុស្សដ៏មានតម្លៃ តាមរយៈ ការលើកកម្ពស់គុណភាពជីវិត ថែរក្សាគាំពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ និង ជាថ្នាលបណ្តុះបណ្តាលបញ្ញាញាណភ្លឺស្វាងដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំង ស្នងឫស្សី ក្នុងការបន្តកសាងអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល ក៏ដូចជាសង្គមជាតិទាំងមូល។ឯកឧត្តម អភិបាលខេត្តកណ្ដាល បានឱ្យ ដឹងទៀតថាគម្រោងសាងសង់អគារថ្មីទាំង ៣ ទីតាំង នាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ ទី១.នៅមន្ទីរពេទ្យបង្អែកពញាឮ៖ សាងសង់អគារសម្រាកព្យាបាលទូទៅថ្មីដ៏ទំនើបចំនួន ១ខ្នង កម្ពស់ ៤ជាន់ និងជាន់ដំបូលទែរ៉ាស់ មានបណ្តោយ ៥០ ម៉ែត្រទទឹង ៣០ម៉ែត្រ សរុប១១៣ បន្ទប់ និងគ្រែសម្រាកព្យាបាលរហូតដល់ ២៣១គ្រែ​ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា និងបរិក្ខារវេជ្ជសាស្ត្រស្តង់ដារកម្រិតខ្ពស់ ដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធអុកស៊ីសែន ជណ្តើរយន្ត ប្រព័ន្ធកាមេរ៉ា និង ប្រព័ន្ធ WIFI ។ទី២. នៅវិទ្យាល័យទេពប្រណម្យ៖ សាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ៣ជាន់ មានបណ្តោយ ៤៥,៥ ម៉ែត្រ ទទឹង ៩ម៉ែត្រ សរុប ១៥បន្ទប់សិក្សា និង ១០បន្ទប់ទឹក ។ទី៣. នៅវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ៖ សាងសង់អគារសិក្សាថ្មីចំនួន ១ ខ្នង កម្ពស់ ៣ជាន់ មានបណ្តោយ ៤៥,៥ ម៉ែត្រ ទទឹង ៩ម៉ែត្រ សរុប ១៥ បន្ទប់សិក្សា និង ១០បន្ទប់ទឹក ផងដែរ។ក្នុងឱកាស នោះដែរ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្តែងនូវការអបអរសាទរ ចំពោះថ្នាក់ដឹកនាំ, មន្ត្រី រាជការ និង បុគ្គលិក នៃរដ្ឋបាលស្រុកពញាឮ, ជាពិសេស ចំពោះលោកគ្រូពេទ្យ-អ្នកគ្រូ ពេទ្យ និង បុគ្គលិកសុខាភិបាលស្រុក ក៏ដូចជា លោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ដែលនឹងទទួលបាន ក្នុងពេលដ៏ខ្លីខាងមុខ នូវអគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀន ថ្មី ជាមួយនឹងការបំពាក់ នូវសម្ភារៈបរិក្ខារទំនើប និង ល្អៗ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃវិស័យសុខាភិបាល និង វិស័យ អប់រំ ក្នុងស្រុកពញាឮ, ខេត្តកណ្តាល, ឲ្យបានកាន់តែប្រសើរឡើង បន្ថែមទៀត និងបានសម្តែងនូវការកោតសរសើរ និង ការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និង បុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពេទ្យបង្អែកស្រុកពញាឮ ក៏ដូចជា លោកគ្រូ-អ្នកគ្រូ ដែល បានយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួន នាពេលកន្លងទៅ ប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ និង ស្មារតីទទួលខុសត្រូវខ្ពស់ ។

អត្ថបទទាក់ទង