++++++++++ខេត្តកណ្ដាល៖ ដោយមានការចង្អុលបង្ហាញ និងណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំអជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីជំនាញ បានចុះពិនិត្យ និងសិក្សាលើទីតាំងចំណីផ្លូវជាតិលេខ២ ផ្លូវលេខ២១ ផ្លូវលេខ១០៧ និងផ្លូវលេខ២០៦ ស្ថិតនៅភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីត្រៀមរៀបចំកែលម្អជាផ្លូវថ្មើជើងសម្រាប់ជនពិការ កន្លែងដើរហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋទូទៅ ព្រមទាំងការរៀបចំសួនច្បារ ដើម្បីឲ្យក្រុងតាខ្មៅ មានសោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ស្របតាមយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចសហការ និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនាពេលកន្លងមក។ ឯកឧត្តមបានបន្តថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនជនពិការ និងប្រជាពលរដ្ឋនោះទេ ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានស្អាតក្នុងក្រុងតាខ្មៅផងដែរ។








