ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តកណ្តាលបានដឹកនាំក្រុមការងារទាំង ៦ របស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អញ្ជើញផ្ដល់បទសម្ភាស ដើម្បីប្រមូលធាតុចូល ក្នុងការរៀបចំផែនការអនុវត្តសម្រាប់គម្រោងដំណាក់កាលទី២ ពីរាជរដ្ឋាភិបាលជប៉ុន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់ការគាំពារដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ ក្នុងជំនួបកិច្ចសម្ភាសនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរកដំណោះស្រាយនានាជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្នុងខេត្តកណ្តាល។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានប្តេជ្ញាចិត្តផ្តល់កិច្ចសហការពេញលេញ ដើម្បីធានាឱ្យដំណើរការប្រមូលព័ត៌មាន និងការរៀបចំផែនការសកម្មភាពគម្រោងបន្តនេះ ទទួលបានលទ្ធផលរលូន និងមានប្រសិទ្ធភាពខ្ពស់។








