+++++++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការប្រកាសសមាសភាពគណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក នាពេលនេះ គឺជាការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់ មហាសន្និបាតវិសាមញ្ញសមាគមអតីតយុទ្ធជនកម្ពុជា តំណាងទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដោយមហាសន្និបាតវិសាមញ្ញនេះ បានសម្រេចអនុម័តលក្ខន្តិកៈថ្មីរបស់សមាគម និងបានដាក់ចេញនូវការកែសម្រួលសំខាន់ៗចំនួន ៣ រួមមាន៖ ទី១. ដាក់បញ្ចូលមុខសញ្ញា និវត្តជនជាមន្ត្រីរាជការ ឱ្យចូលជាសមាជិកសមាគម។ ទី២. ប្តូរឈ្មោះពី «សមាគមអតីតយុទ្ធជនកម្ពុជា» មកជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» (អ.ន.ក.) និងទី៣. កែសម្រួល និងរៀបចំរចនាសម្ព័ន្ធថ្មីរបស់សមាគមនៅតាមក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ ដើម្បីធានាឱ្យការគ្រប់គ្រង ការថែទាំ និងការបម្រើអតីតយុទ្ធជន និងនិវត្តជន កាន់តែមានប្រសិទ្ធភាព ជិតស្និទ្ធ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់សមាជិក។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការកែសម្រួលនេះ បានបង្ហាញពីចក្ខុវិស័យរយៈពេលវែង និងការយកចិត្តទុកដាក់របស់សមាគម ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជន ពីព្រោះពួកគាត់បានធ្វើពលិកម្មយ៉ាងធំធេង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រកម្ពុជា។ មួយវិញទៀត គឺការរៀបចំសមាគមនេះ ជាការរៀបចំផ្លូវសម្រាប់មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់រូបនាពេលអនាគតផងដែរ ព្រោះនៅពេលឈានដល់វ័យចូលនិវត្តន៍ យើងក៏នឹងក្លាយជានិវត្តជនដូចគ្នា ដូច្នេះ ការយកចិត្តទុកដាក់ចំពោះនិវត្តជននាពេលបច្ចុប្បន្ន គឺជាការរៀបចំប្រព័ន្ធសុខុមាលភាពសង្គមមួយដែលអាចផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់មន្ត្រីរាជការគ្រប់រូបសម្រាប់ថ្ងៃអនាគត។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់គណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក ដែលទើបទទួលបានការតែងតាំងទាំង១៣ ក្រង-ស្រុក ត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅមូលដ្ឋាន ឱ្យមានភាពរឹងមាំ ព្រមទាំងបន្តស្វែងរក និងបញ្ចូលសមាជិកអតីតយុទ្ធជន និងនិវត្តជនឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគាត់ទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ពីសមាគមកាន់តែទូលំទូលាយ។ ជាពិសេស ត្រូវបន្តលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនចូលរួមជាមួយសមាគម ដើម្បីឱ្យគណៈកម្មាធិការអាចស្វែងយល់បានកាន់តែច្បាស់ពីសុខទុក្ខ ជីវភាព និងបញ្ហាប្រឈមរបស់ពួកគាត់ ហើយរួមចំណែកដោះស្រាយបញ្ហាបានទាន់ពេលវេលា ព្រមទាំងពង្រឹងចំណងមនោសញ្ចេតនារវាងអតីតយុទ្ធជន និវត្តជន និងរាជរដ្ឋាភិបាលផងដែរ។លើសពីនេះទៀត ឯកឧត្តមអភិបាល បានជំរុញដល់គណៈកម្មាធិការ អ.ន.ក. គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះ គ្រួសារកងទ័ព ជាពិសេសគ្រួសាររបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ ដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅផ្លូវចិត្ត មានទំនុកចិត្ត និងស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចការពារ ជាតិ សន្តិភាព និងបូរណភាពទឹកដី បន្ថែមពីលើនេះ គណៈកម្មាធិការ អ.ន.ក. ត្រូវបន្តធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យចំនួននិវត្តជនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការផ្តល់សេវា និងការគាំពារផ្សេងៗ ព្រមទាំងបន្តលើកទឹកចិត្ត និងផ្តល់មេដាយកិត្តិយសដល់បងប្អូនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ។











