+++++++++++++++++++ខេត្តកណ្ដាល៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចំពោះសុខទុក្ខរបស់គ្រួសារវីរៈកងទ័ព ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងអាជ្ញាធរស្រុកស្អាង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ លោកស្រី ពយ ម៉ាប់ ភរិយាវីរៈកងទ័ព ឈរជើងនៅកងពលការពារដែនអាកាសលេខ៣ ខេត្តព្រះវិហារ ដែលទើបសម្រាលកូន នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់ វីរៈកងទ័ពនិងគ្រួសារកងទ័ព។លោកជំទាវក៏បាន ថ្លែងអំណរអរគុណ និងផ្ដល់ជាកម្លាំងចិត្តដល់ប្អូនស្រី ក៏ដូចជាក្រុមគ្រួសារដែលបានលះបង់ប្ដី សាច់ញាតិឱ្យទៅបម្រើជាកងទ័ពដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវ។អំណោយដែលបានផ្ដល់ជូនភរិយាវីរៈកងទ័ពរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១, ទឹកសុទ្ធ ០១កេស, ខោអាវមនុស្សធំ-កុមារ និងក្រមា ០១កញ្ចប់ និងថវិកា១លានរៀល។







