ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចាត់តាំង ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និង ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។ការអញ្ជើញជូនដំណើរនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌូណេស៊ី បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។







