++++++++++ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក)បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកណ្តាល ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ស្តីពីវិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាពលោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ អំពីជំនាញសម្រុះសម្រួល វិធីសាស្ត្រ និងនីតិវិធីច្បាប់ក្នុងការសម្របសម្រួលដោះស្រាយវិវាទផ្សេងៗនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានតម្លាភាព។ឯកឧត្តមបានបន្ថែមថា៖ កិច្ចការងារខាងលើនេះ ជាលទ្ធផលកើតចេញពីការសហការគ្នាល្អរវាង រដ្ឋបាលខេត្ត និងអ.ដ.ក ហើយរដ្ឋបាលខេត្តកណ្តាល ការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគូភាគីសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈ ការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅក្នុងមូលដ្ឋានខេត្តកណ្តាល។ រដ្ឋបាលខេត្តកណ្តាល គឺ ខេត្តគោលដៅមុនគេបង្អស់ ដែលបានចុះអនុស្សារណៈយោគយល់គ្នា និងក៏ជាខេត្ត ដែលពោរពេញទៅ ដោយស្ថានភាពនៃការផ្តល់សេវាខ្ពស់ ហើយក៏មានបញ្ហាប្រឈមជាច្រើន ដែលរដ្ឋបាលខេត្ត បានជួប ប្រទះនាពេលកន្លង។ឯកឧត្តម សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ បានយកចំណេះដឹងអំពីវិធីសាស្ត្រ និងនីតិវិធី នៃការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីយកទៅអនុវត្តនៅក្នុងការសម្រុះសម្រួលវិវាទនានា នៅមូលដ្ឋាន តាមក្រុមការងាររៀងៗខ្លួន។ថ្លែងនៅក្នុងពិធីនោះ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ស្តាប់ ការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍យ៉ាងសកម្មក្នុងអំឡុងពេលបណ្តុះបណ្តាល។លោកជំទាវ បានមានប្រសាសន៍គូសបញ្ជាក់ថា៖យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការកែទម្រង់ដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការនាំយកសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ យន្តការនេះមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងតុលាការគ្រប់ជាន់ថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខដុមរមនា ភាពស្និទ្ធស្នាលក្នុងសហគមន៍ និងកាត់បន្ថយការចំណាយពេលវេលាព្រមទាំងថវិការបស់ប្រជាពលរដ្ឋផងដែរ។លោកជំទាវ រដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) តែងតែយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាការសម្រុះសម្រួលដោះស្រាយវិវាទប្រព្រឹត្តទៅដោយស្របតាមច្បាប់ នីតិវិធី និងប្រកបដោយក្រមសីលធម៌ខ្ពស់។សូមបញ្ជាក់ដែរថា៖នៅក្នុងវគ្គនេះក៏មានការរៀបចំជា សកម្មភាពពិភាក្សាជាក្រុម ដោយបានលើកយកករណីសិក្សាជាក់ស្តែងមកធ្វើការវិភាគ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកយ៉ាងផុលផុស។ បន្ទាប់មក តំណាងក្រុមសិក្ខាកាមនីមួយៗបាន ឡើងធ្វើបទបង្ហាញ អំពីលទ្ធផលនៃការពិភាក្សា ដំណោះស្រាយគំរូ និងវិធីសាស្ត្រសម្រុះសម្រួលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។








