រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃស្តីពី តួនាទី ភារកិច្ច ការលើកកម្ពស់ការចូលរួមប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហា ជូនមន្ត្រីលេខាធិការក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក

+++++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គ្រុប ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងលោក សុខ សុផាន់ណា អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល សាលាជាតិរដ្ឋបាលមូលដ្ឋាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច ការលើកកម្ពស់ការចូលរួមប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហា ជូនដល់មន្ត្រីលេខាធិការក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទាំង១៣ ប្រមាណ ៦០នាក់ នៅសាលាខេត្តកណ្តាល។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយយកការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ជាពិសេសការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែខិតជិតប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា មន្ត្រីលេខាធិការក្រុមប្រឹក្សា គឺជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ទាំងការងារបច្ចេកទេស រដ្ឋបាល ការរៀបចំកិច្ចប្រជុំ និងការសម្របសម្រួលការងារផ្សេងៗ ដូច្នេះ សមត្ថភាព និងវិជ្ជាជីវៈរបស់មន្ត្រីលេខាធិការ គឺមានសារៈសំខាន់ចំពោះប្រសិទ្ធភាពនៃការសម្រេចចិត្ត និងការអនុវត្តការងាររបស់ក្រុមប្រឹក្សា។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្តថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ៗចំនួន៦ រួមមាន៖ ១.ពង្រឹងការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីលេខាធិការ ២.លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ៣.ការទទួល និងសម្របសម្រួលដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ៤.ពង្រឹងសុចរិតភាព និងវិន័យការងារ ៥.ការផ្លាស់ប្តូរបទពិសោធន៍ និង៦.ការពង្រឹងស្មារតីបម្រើសេវាសាធារណៈ ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈ។ឯកឧត្តម គ្រុយ ម៉ាឡែន បានបន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់ នៃដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដូច្នេះ មន្ត្រីលេខាធិការដ្ឋានត្រូវដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិ ផ្តល់យោបល់ តាមដាន និងចូលរួមក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគនៅមូលដ្ឋាន មួយវិញទៀតមន្ត្រីលេខាធិការ ត្រូវយកចិត្តទុកដាក់លើការទទួល និងតាមដានសំណូមពរ បញ្ហាប្រឈម និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដើម្បីសម្របសម្រួលបញ្ជូនទៅក្រុមប្រឹក្សា និងគណៈអភិបាលពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់មេរៀន ចូលរួមពិភាក្សា ផ្តល់មតិយោបល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រូឧទ្ទេស ដោយផ្សារភ្ជាប់ចំណេះដឹងដែលទទួលបានទៅនឹងការអនុវត្តការងារជាក់ស្តែង ជាពិសេសការដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះនៅមូលដ្ឋាន វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញរបស់មន្ត្រីលេខាធិការក្រុមប្រឹក្សា ដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងកាន់តែឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។

អត្ថបទទាក់ទង