++++++++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីនៃគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អៀង ចន្ថា អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ស្រេង លឹមហួ នាយករងរដ្ឋបាលសាលាខេត្តកណ្តាល ព្រមទាំងបណ្តាការិយាល័យចម្រុះសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងក្រុង-ស្រុកទាំង១៣ និងតំណាងអាជ្ញាធរឃុំ-សង្កាត់ជាច្រើនរូប។ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តមបណ្ឌិត អៀង ចន្ថា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបំពាក់បំប៉នចំណេះដឹងបន្ថែមដល់មន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេសសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត តំណាងមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ឱ្យមានប្រសិទ្ធភាពខ្ពស់។ កិច្ចការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការគ្រប់គ្រងធនធានទឹករួមជ្រុងជ្រោយ និងការប្រើប្រាស់ប្រភពទឹកប្រកបដោយសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ឯកឧត្តមបន្តទៀតថា ការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ បានល្អមានសារៈសំខាន់យ៉ាង ខ្លាំងក្នុងការលើកកម្ពស់ការគ្រប់គ្រងធនធានទឹកចម្រុះ និងការប្រើប្រាស់ធនធានទឹកប្រកបដោយ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច រួមមាន៖ ទី១ ធ្វើឱ្យប្រសើរឡើងនូវបរិមាណទឹក និងគុណភាពទឹក ទី២ កាត់ បន្ថយទឹកជំនន់ គ្រោះរាំងស្ងួត និងការហូរច្រោះដី ទី៣ ពង្រឹង ការពារ អភិរក្ស ជីវចម្រុះ និងប្រព័ន្ធ អេកូឡូស៊ី ទី៤ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ទី៥ បង្កើនឱកាសសកម្មភាព ទេសចរណ៍ និងទី៦ផលចំនេញសង្គម និងសេដ្ឋកិច្ច។លោក ស្រេង លឹមហួ នាយករងរដ្ឋបាលសាលាខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាពេលនេះ ដើម្បីបំពាក់បំប៉ននូវចំណេះដឹង ជំនាញបច្ចេកទេស និងវិធីសាស្ត្រថ្មីៗជូនដល់មន្ត្រីជំនាញនៃគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត។ ការពង្រឹងសមត្ថភាពនេះ នឹងក្លាយជាទុនយ៉ាងសំខាន់ ដើម្បីឱ្យលោក លោកស្រី អាចម្ចាស់ការក្នុងការសិក្សា ប្រមូលទិន្នន័យ និងរៀបចំ «ផែនការគ្រប់គ្រងអាងស្ទឹងទន្លេ» នៅតាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។លោកនាយករងសាលាខេត្ត សំណូមពរឱ្យ មន្ត្រីនៃគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត នឹងទទួលបាននូវចំណេះដឹងច្បាស់លាស់ និងសមត្ថភាពម្ចាស់ការ ក្នុងការរៀបចំផែនការគ្រប់គ្រងអាងស្ទឹងទន្លេក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបបានទៅនឹងតម្រូវការប្រើប្រាស់ទឹក និងការអភិវឌ្ឍប្រកបដោយចីរភាព។










