++++++++++++++ខេត្តកណ្ដាល៖ គណៈគ្រូពេទ្យជាតិកម្ពុជា ណែនាំដល់អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវគោរពឱ្យបាននូវក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យទទួលបាននូវសេវាសុខាភិបាលមួយប្រកបដោយគុណភាពខ្ពស់ និងមានសមធម៌ពិតប្រាកដ។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានធ្វើការណែនាំបែបនេះ នៅក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២០ ដែលរៀបចំធ្វើឡើងមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពី លោកប្រធាន-អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល លោក-លោកស្រីគ្រូពេទ្យ និងសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តជាច្រើនផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិត មុឹង វណ្ណារុំ បានបន្តទៀតថា៖ គ្រូពេទ្យទាំងអស់ ត្រូវរួមគ្នាខិតខំការពារ និងលើកកម្ពស់កិត្តិយស ក៏ដូចជាឥស្សរភាពនៃវិជ្ជាជីវៈពេទ្យនៅកម្ពុជា ដើម្បីបន្តកសាងជំនឿ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ ដើម្បីសម្រេចបានគោលដៅនេះ គ្រូពេទ្យម្នាក់ៗត្រូវខិតខំស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រថ្មីៗ ឱ្យទាន់សម័យ មានជំនាញ និងបទពិសោធន៍ការងារច្បាស់លាស់ បម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ជាត្រីវិស័យក្នុងការសម្រេចចិត្ត។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់គ្រូពេទ្យទាំងអស់ ត្រូវមានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចាត់ទុកផលប្រយោជន៍អ្នកជំងឺជាធំ។ ជាពិសេស គ្រូពេទ្យត្រូវមានទំនាក់ទំនងល្អជាមួយ និងសាធារណជន ព្រមទាំងគោរពច្បាប់បទដ្ឋានគតិយុត្ត និងវិន័យការងារឱ្យបានម៉ឺងម៉ាត់បំផុត។ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានស្ដីទីមន្ទីរសុខាភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះប្រតិភូក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្ត្រ ការអភិវឌ្ឍសមត្ថភាព បង្កើតសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការផ្តល់សេវាវេជ្ជសាស្ត្រជូនអ្នកមកទទួលសេវាព្យាបាល និងថែទាំ តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ។ តាមរបាយការណ៍របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្ដាល បានអោយដឹងថា ចាប់ពីថ្ងៃទី ១ខែមករា ដល់៣១ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្តាល បានអនុវត្តសកម្មភាពអំពីការចុះបញ្ជីកាគណៈគ្រូពេទ្យខេត្តកណ្តាល៖• បានចុះបញ្ជីកាថ្មីចំនួនៈ ៣៣ នាក់ • សុំបន្តសុពលភាពៈ ១៤២ នាក់• ផ្ទេរចូលចំនួនៈ ១៦ នាក់ • ផ្ទេរចេញចំនួនៈ ១៨ នាក់• ទទួលបានអាជ្ញាប័ណ្ណវេជ្ជសាស្ត្រចំនួន ១៨៨នាក់ ជារួមខេត្តកណ្តាល អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ បានចុះបញ្ជីកាសរុបចំនួន៩០៧នាក់ និងបានទទួលអាជ្ញាប័ណ្ណវេជ្ជសាស្ត្រសរុបបាន ៧៤៩ ក្នុងនោះមានគ្រូពេទ្យបរទេសចំនួន ២ នាក់។









