រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកស្រី ផល គុយនី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង

++++++++++++++++ខេត្តកណ្តាល៖ លោកស្រី ផល គុយនី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកស្អាង ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី អភិបាល អភិបាលរងស្រុកស្អាង មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ។ថ្លែងក្នុងពិធីនេះ ឯកឧត្តម នុត ពុធដារ៉ា បានបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្អាងនៅថ្ងៃនេះ គឺក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច លោកស្រី ផល គុយនី ពីអភិបាលរង នៃគណៈអភិបាលស្រុកលើកដែក ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង ជំនួសលោកស្រី សែម ចាន់ថូ ដែលត្រូវកាន់មុខតំណែងជាអភិបាលរងស្រុកលើកដែកជំនួសវិញ ស្របទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់ពីអាណត្តិការងាររបស់គណៈអភិបាល។ឯកឧត្តម នុត ពុធដារ៉ា បានបញ្ជាក់បន្តថា ការចូលកាន់មុខតំណែងជាអភិបាលរងស្រុកនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួចចំណែកដឹកនាំ និងជួយគ្រប់គ្រងរដ្ឋបាលស្រុកជាមួយថ្នាក់ដឹកនាំស្រុក ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរងខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់លោកស្រី អភិបាលរងស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ជាពិសេសត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ការចូលកាន់មុខតំណែងជាអភិបាលរងស្រុក គឺជាភារកិច្ចដ៏មានសារៈសំខាន់ និងជាកិត្តិយស ព្រមទាំងជាការទទួលខុសត្រូវដ៏ធំធេង ដែលតម្រូវឱ្យថ្នាក់ដឹកនាត្រូវមានឆន្ទៈមុតមាំ ការទទួលខុសត្រូវខ្ពស់ និងស្មារតីបម្រើប្រជាពលរដ្ឋ ដើម្បីចូលរួមជាមួយគណៈអភិបាលស្រុក ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធនៃរដ្ឋបាលស្រុកស្អាង ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ត្រូវខិតខំអភិវឌ្ឍន៏មូលដ្ឋានរបស់ខ្លួនឱ្យរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត សំដៅសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ឯកឧត្តមអភិបាលរងខេត្ត បានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកស្រី ផល គុយនី អភិបាលរងស្រុកថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងខិតខំអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយកិច្ចសហការល្អ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាព ជួយជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានបានកាន់តែមានការរីកចម្រើន សំដៅឆ្លើយតបបានទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ក្នុងឱកាសនោះផងដែរ លោកស្រី ផល គុយនី បានប្តេជ្ញាចិត្តខិតខំបំពេញតួនាទី និងភារកិច្ចដែលទទួលបានថ្មីឱ្យបានល្អប្រសើរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ថ្នាក់ដឹកនាំ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមកសាងស្រុកស្អាងឱ្យកាន់តែមានការរីកចម្រើន។

អត្ថបទទាក់ទង