++++++++++ខេត្តកណ្តាល៖ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ក៏ដូចជាការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រដ្ឋបាលខេត្តកណ្តាល បានបានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច កាលពីរព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានលើកឡើងថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ ពង្រឹងការយល់ដឹងអំពីហានិភ័យនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ព្រមទាំងលើកកម្ពស់ការចំណាកស្រុកដោយស្របច្បាប់ និងមានសុវត្ថិភាព ដើម្បីការពារសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ។កិច្ចការនេះ គឺជាកាតព្វកិច្ចរួមរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីធានាបាននូវសុវត្ថិភាព សេចក្តីថ្លៃថ្នូរ សិទ្ធិ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប ជាពិសេសស្ត្រី និងកុមារ ដែលជាក្រុមងាយរងគ្រោះ។លោកជំទាវអភិបាលរងខេត្ត បានបន្តទៀតថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គម បានផ្តល់នូវឱកាសយ៉ាងទូលំទូលាយសម្រាប់ការអប់រំ ការសិក្សាស្រាវជ្រាវ ការទំនាក់ទំនង និងការអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ក៏បានបង្កើតនូវបញ្ហាប្រឈមថ្មីៗផងដែរ ដោយជនល្មើសបានឆ្លៀតប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបោកបញ្ឆោត ល្បួង អូសទាញ និងកេងប្រវ័ញ្ចលើកុមារ និងយុវជន តាមរយៈបណ្តាញសង្គម និងកម្មវិធីទំនាក់ទំនងផ្សេងៗ។លោកជំទាវបានបន្ថែមថា បទល្មើសដែលកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ គឺការផលិត ការរក្សាទុក និងការចែកចាយរូបភាព ឬវីដេអូអាសអាភាសកុមារ ក៏ដូចជាការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរ គឺជាការរំលោភបំពានសិទ្ធិកុមារ បំផ្លាញអនាគតរបស់ពួកគេ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងរដល់សង្គមទាំងមូល។ ដូច្នេះ ការអប់រំ ការផ្សព្វផ្សាយច្បាប់ និងការបង្កើនការយល់ដឹងដល់គ្រប់មជ្ឈដ្ឋាន គឺជាវិធានការបង្ការដែលមានប្រសិទ្ធភាព និងជាគ្រឹះដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃបទល្មើសទាំងនេះ។លោកជំទាវអភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងទៅបម្រើការងារនៅក្រៅមូលដ្ឋាន ឬក្រៅប្រទេស ត្រូវធ្វើដំណើរតាមច្រកផ្លូវស្របច្បាប់ មានឯកសារគ្រប់គ្រាន់ និងស្វែងរកព័ត៌មានពីស្ថាប័នមានសមត្ថកិច្ច មុននឹងសម្រេចចិត្តធ្វើចំណាកស្រុក ដើម្បីជៀសវាងការចាញ់បោកមេខ្យល់ ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភសិទ្ធិការងារ ដែលអាចនាំឱ្យប្រឈមនឹងគ្រោះថ្នាក់ បាត់បង់សេរីភាព និងផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗ។លោកជំទាវបានគូសបញ្ជាក់ថា ការចំណាកស្រុកដោយស្របច្បាប់ មិនត្រឹមតែធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យពលករទទួលបានការការពារសិទ្ធិ ប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍សង្គម និងជំនួយផ្នែកច្បាប់ នៅពេលជួបបញ្ហានៅក្រៅប្រទេស ស្របតាមច្បាប់នៃប្រទេសទទួល និងកិច្ចព្រមព្រៀងពាក់ព័ន្ធ។ក្នុងឱកាសនោះ លោកជំទាវ ក៏បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពពាក់ព័ន្ធ គ្រឹះស្ថានអប់រំ អង្គការដៃគូ និងប្រជាពលរដ្ឋទាំងអស់ បន្តសហការគ្នាផ្សព្វផ្សាយច្បាប់ និងចំណេះដឹងឱ្យបានទូលំទូលាយ ដល់គ្រប់មូលដ្ឋាន ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ដែលមានអត្រាចំណាកស្រុកខ្ពស់ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីហានិភ័យ និងវិធីការពារខ្លួនពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់។ជាមួយគ្នានេះ លោកជំទាវក៏បានជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាល បង្កើនការយកចិត្តទុកដាក់តាមដានការប្រើប្រាស់ទូរស័ព្ទដៃ អ៊ីនធឺណិត និងបណ្តាញសង្គមរបស់កូនៗ ព្រមទាំងណែនាំពួកគេអំពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ សុវត្ថិភាព និងសីលធម៌ ព្រមទាំងបង្កើនភាពក្លាហានក្នុងការរាយការណ៍ទៅមនុស្សពេញវ័យ ឬអាជ្ញាធរ នៅពេលជួបប្រទះសកម្មភាពគួរឱ្យសង្ស័យ ឬការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ។លោកជំទាវបានកើនរំលឹក ដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាម ដែលកំពុងកើនឡើងក្នុងរដូវវស្សានេះ សូមមាតាបិតា និងអ្នកអាណាព្យាបាល ចូលរួមសហការជាមួយសាលារៀន ក្នុងការថែរក្សាបរិស្ថានស្អាតនៅផ្ទះ និងតាមដានសុខភាពកូនៗ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម នៅក្នុងសហគមន៍៕









