+++++++ខេត្តកណ្តាល៖ ដើម្បីលើកកម្ពស់សមត្ថភាព និងគុណធម៌របស់មន្ត្រីរាជការក្នុងការបំពេញភារកិច្ចបម្រើ ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមន្ត្រី និងបញ្ញាអារម្មណ៍ ជូនដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាល ។ មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីពង្រឹងអកប្បកិរិយារបស់មន្ត្រីរាជការដែលជាអ្នកបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយស្មោះត្រង់ ដូច្នេះការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គឺជាកាតព្វកិច្ចមិនអាចខ្វះបានឡើយ ព្រោះក្រមសីលធម៌ គឺជាត្រីវិស័យតម្រង់ទិសអាកប្បកិរិយារបស់មន្ត្រី ឯចំណែក បញ្ញាអារម្មណ៍ញ គឺជាសិល្បៈនៃការយល់ដឹងពីខ្លួនឯង និងការយល់ចិត្តអ្នកដទៃ ដែលជួយឱ្យយើងអាចដោះស្រាយបញ្ហាប្រឈមនានា រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុង និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដោយក្តីអនុគ្រោះ ភាពទន់ភ្លន់ និងស្វាហាប់។ ក្នុថឱកាសនោះដែរឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តល់ការណែមួយចំនួនដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងស្តាប់ការបង្ហាញរបស់គ្រូឧទ្ទេស ចូលរួមពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ឱ្យបានផុសផុល ដើម្បីយកទៅអនុវត្តផ្ទាល់នៅក្នុងអង្គភាពរៀងៗខ្លួន។ក្នុងនោះមន្ត្រីគ្រប់រូបត្រូវចេះគ្រប់គ្រងអារម្មណ៍ ក្នុងស្ថានភាពការងារតានតឹង ជាពិសេសពេលដោះស្រាយបញ្ហា ឬផ្តល់សេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដោយជៀសវាងការប្រើប្រាស់ពាក្យសម្តី ឬកាយវិការមិនសមរម្យ។ ឯកឧត្តមបានបន្ថែមថា៖ យើងជាមន្ត្រីរាជការត្រូវបង្កើនកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងក្របខណ្ឌ អង្គភាព ដើម្បីធានាបាននូវលទ្ធផលការងារជាធ្លុងមួយក្នុងការពង្រឹងគុណភាពធនធានមនុស្ស និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរដ្ឋបាលខេត្តឱ្យទៅជាដៃគូដ៏គួរឱ្យទុកចិត្ត និងជាទីពឹងប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋគ្រប់រូប។សូមបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេលចំនួន២ថ្ងៃ ដោយមានការធ្វើបទបង្ហាញពីគ្រូឧទ្ទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ លើប្រធានបទសំខាន់ៗដល់សិក្ខាកាម ដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់យកទៅអនុវត្តការងារជាក់ស្តែងក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា និងបម្រើតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។







