រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលស្តីពី”ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីសមភាពយេនឌ័រ” ជូនស្ត្រីជាថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គ-ភាព នៃខេត្តកណ្តាល

+++++++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាល សហការជាមួយក្រសួងកិច្ចការនារី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី"ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីសមភាពយេនឌ័រ" ជូនស្ត្រីជាថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព នៃខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៌សេដ្ឋកិច្ចក្រសួងកិច្ចការនារី។មានប្រសាសន៌ក្នុងពិធីបើកវគ្គឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្តបានកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីសមភាពយេនឌ័រ" ជូនស្ត្រីជាថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព នៃខេត្តកណ្តាល នាពេលនេះ ហើយឆ្នាំ២០២៦ ជាឆ្នាំទី១ នៃការអនុវត្តផែនការ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិបន្ទាប់ពីបានបញ្ចប់ការអនុវត្តផែនការ៥ឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥) និងជាឆ្នាំទី៣ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល ទី៧ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដែលមានការកែទម្រង់ និងពង្រឹង អភិបាលកិច្ចជាស្នូល និងអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែល សម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឲ្យដំណើរការស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ កសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ឯកឧត្តមបន្តទៀតថា៖ ដើម្បីអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំលើភាពជាអ្នកដឹកនាំបែបវិជ្ជមាន ជំនាញក្នុងការកសាង និងពង្រឹងបណ្តាញស្ត្រី និងចែករំលែកមេរៀន បទពិសោធន៍ ក្នុងការដឹកនាំនៅក្នុងជំនាន់ផ្សេងៗ តាមរយៈកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីការលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់ស្ត្រី។ ផែនការអនុវត្តរយៈពេល៥ឆ្នាំ (២០២៦-២០៣០) គឺជាឯកសារបង្ហាញផ្លូវសម្រាប់ អនុវត្តរយៈពេលមធ្យម ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលបំណងនៃកម្មវីធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នោះគឺ “ការលើកកម្ពស់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរប្រកបដោយបរិយាបន្ន និងសមធម៌សង្គម”។ឯកឧត្តមបន្ថែមទៀតថា៖ ក្នុងក្របខណ្ឌខេត្តកណ្តាល រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញខេត្ត បាន និងកំពុងប្រែក្លាយខេត្តកណ្តាលទៅជា “ខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្ទីក ស្បៀង និងលំនៅដ្ឋាន” ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន ៖ ការរក្សាបាននូវសន្តិ សុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈស្របតាមគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នាទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវ អាកាស ផ្លូវល្បឿនលឿន ផ្លូវក្រវ៉ាត់ក្រុង មហាវិថី ផ្លូវរថភ្លើង ស្ពានឆ្លងកាត់ទន្លេ កំពង់ផែ គម្រោងព្រែក ជីកហ្វូណនតេជោ អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ថែមលើនេះ ការផ្តល់សេវាសាធារណៈ និងសេវាសង្គមចាំបាច់ក៏ត្រូវបានពង្រីកវិសាលភាពទូលំទូលាយ ដោយបច្ចុប្បន្នបណ្តាញអគ្គិសនី បា គ្របដណ្តប់គ្រប់ភូមិទូទាំងខេត្ត បណ្តាញផ្គត់ផ្គង់ទឹកស្អាត សម្រេចបាន ១០០% លើ១០១០ភូម ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យចំណូលរបស់ប្រជា-ពលរដ្ឋជាមធ្យមបានកើនឡើងពី ២ ៤៥៦ដុល្លារ ក្នុងឆ្នាំ២០២៤ ដល់ ៣០០៦ ដុល្លារ ក្នុងឆ្នាំ២០២៥។ឯកឧត្តម ក៏បានស្នើដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ស្ដាប់នូវបទបង្ហាញរបស់គ្រូប្រទេស ដើម្បីទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ បន្ថែមទៀតអំពីភាពជាអ្នកដឹកនាំរបស់ស្ត្រី ដោយផ្តោតលើ “ភាពជាអ្នកដឹកនាំបែបវិជ្ជមាន, ជំនាញក្នុងការកសាង និងពង្រឹងបណ្តាញស្ត្រី ជាពិសេសការចែករំលែកមេរៀនបទពិសោធន៍ ក្នុងការដឹកនាំនៅក្នុងជំនាន់ផ្សេងៗគ្នា” តាមរយៈកិច្ចពិភាក្សាអន្តរជំនាន់ស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី” ដោយមានវាគ្មិនកិត្តិយសចំនួន ០៤រូប តាមជំនាន់ផ្សេងៗគ្នា។

អត្ថបទទាក់ទង