រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាស្តីពី “តួនាទីស្ត្រី ក្នុងការចូលរួមចំណែកផ្តល់សេវាសាធារណៈ”

+++++++++++++++រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា បានរៀបចំវេទិកាពិភាក្សាការងាររវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយសមាជិកាក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ជាស្ត្រីក្នុងខេត្តកណ្តាល ស្តីពី “តួនាទីស្ត្រី ក្នុងការចូលរួមចំណែកផ្តល់សេវាសាធារណៈ” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ដែលវេទិកានេះដែរមានការអញ្ជើញចូលរួមពីឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងវេទិកាពិភាក្សាឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា៖ គណៈកម្មការនយោបាយនៃមហាសន្និបាតសភាប្រើភាសាបារាំង (APF) បានចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ គាំទ្រនិងគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពដែនដីរបស់កម្ពុជា ក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា នេះគឺជាជោគជ័យធំ និងជាការផ្តល់យុត្តិធម៌ដ៏ពិតប្រាកដដល់កម្ពុជា ដែលធ្លាប់រងការរំលោភបំពាន។ ទន្ទឹមនឹងការរំលេចនូវសមិទ្ធផលការទូតដ៏ឆ្នើមនេះ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ថ្នាក់ដឹកនាំជានារីនៅថ្នាក់មូលដ្ឋាន ដោយបានបញ្ជាក់ថា៖ «សេវាសាធារណៈគឺជាប្រយោជន៍ប្រជាជន ហើយប្រជាជនវាយតម្លៃខ្ពស់ចំពោះមន្ត្រី នៅពេលដែលការផ្តល់សេវារហ័ស តម្លាភាព និងត្រឹមត្រូវ»។ ឯកឧត្តមបណ្ឌិត បន្ថែមថា សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាតួអង្គស្នូលសំខាន់ក្នុងការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ស្ត្រី កុមារ មនុស្សចាស់ និងពិការ»។ ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ស្ត្រីពិតជាមានតួនាទីមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការធ្វើឱ្យការផ្តល់សេវាសាធារណៈទទួលបាននូវប្រសិទ្ធភាព តម្លាភាព និងការគាំទ្រពីមហាជន។ ជាការកត់សម្គាល់ ភាពលេចធ្លោ និងឧត្តមភាពរបស់មន្ត្រីជាស្ត្រីក្នុងការបម្រើសេវាសាធារណៈ បានស្តែងឡើងដោយ កត្តាសំខាន់ៗដូចជា៖ ភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការបម្រើប្រជាពលរដ្ឋ ដោយគុណសម្បត្តិដ៏លេចធ្លោ របស់មន្ត្រីជាស្ត្រី គឺភាពអត់ធ្មត់ខ្ពស់ ទន់ភ្លន់ និងមានសិល្បៈក្នុងការប្រាស្រ័យទាក់ទងល្អជាមួយប្រជាពលរដ្ឋ ទទួលបាននូវភាពកក់ក្តៅ តាមរយៈការទទួលស្វាគមន៍ដោយស្នាមញញឹម ការពន្យល់ណែនាំបានច្បាស់លាស់ និងការជួយសម្របសម្រួលប្រកបដោយការយោគយល់ ដែលនេះពិតជាអ្វីដែលយើងហៅថា "ការផ្តល់សេវាសាធារណៈប្រកបដោយបេះដូង"។ ភាពហ្មត់ចត់ និងភាពច្បាស់លាស់ក្នុងការងារ៖ ក្នុងការងាររដ្ឋបាល ការគ្រប់គ្រង ទិន្នន័យ និងកិច្ចការហិរញ្ញវត្ថុ ស្ត្រីតែងតែបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ខ្ពស់ ការបំពេញការងារប្រកបដោយភាពច្បាស់លាស់ និងស្មារតីទទួលខុសត្រូវ។ ការលើកកម្ពស់សមធម៌ និងសេវាសង្គម៖ ក្រៅពីការងាររដ្ឋបាលទូទៅ ស្ត្រីបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជំរុញប្រសិទ្ធភាព តម្លាភាព សមធម៌ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ វេទិកានេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងបើកចំហ ដោយបានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំជាស្ត្រីនៃស្ថាប័នព្រឹទ្ធសភា និងថ្នាក់ក្រោមជាតិ បានផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក សំដៅរួមគ្នាលើកកម្ពស់គុណភាពសេវាសាធារណៈនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

អត្ថបទទាក់ទង