++++++ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យចាត់អាទិភាពគម្រោងកម្មវិធី វិនិយោគបីឆ្នាំរំកិលឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ពិគ្រោះយោបល់ ពិនិត្យ និងវាយតម្លៃលើបណ្តាគម្រោងស្នើសុំនានាពីគ្រប់វិស័យ ដើម្បីធ្វើការចាត់ចំណាត់ថ្នាក់អាទិភាព ធានាថារាល់ការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបន្ទាន់បំផុតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់បំផុតក្នុងការបកប្រែផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ឱ្យទៅជាសកម្មភាពជាក់ស្តែងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងជាធាតុចូលសម្រាប់មន្ទីរអង្គភាព ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួនដើម្បីជួយគាំទ្រដល់ ក្រុង ស្រុក ឃុំ សង្កាត់ នូវគម្រោងដែលសល់ពីការការប្រើប្រាស់មូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការណែនាំដល់ អាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទៅលើសំណើគម្រោងទាំងឡាយដែលស្នើឡើង ធ្វើយ៉ាងណាឲ្យសមស្របទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំ។ ជាពិសេសបច្ចេកទេស សំណើគម្រោងវិនិយោគត្រូវរៀបចំ និងស្នើឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ ឬសេវាដែលឆ្លើយតបទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍របស់ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។ ឯកឧត្តម បានធ្វើការផ្ដាំផ្ញើទៅដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីឲ្យទទួលជោគជ័យក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវកំណត់បញ្ហាស្នូលមូលហេតុ និងដំណោះស្រាយឲ្យបានច្បាស់លាស់។ ត្រូវកំណត់គោលនយោបាយនិងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មាន (ធាតុចូល)បានទាន់ពេលវេលាដែលក្រុមការងារកំណត់ដើម្បីឱ្យដំណើរការប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។ ត្រូវចាត់អាទិភាពគម្រោងដើម្បីអនុវត្តស្របតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឲ្យអស់លទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល បើមានបញ្ហាត្រូវរាយការណ៍ និងសុំយោបល់ប្រធានក្រុមការងារ ដើម្បីដោះស្រាយទាន់ ពេលវេលា ជាពិសេសត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិណែនាំដោយមិនត្រូវរំលងសកម្មភាពណាមួយឡើយ។ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកអង្គប្រជុំទាំងអស់ ដែលបានលះបង់ពេលវេលា និងផ្តល់គំនិតយោបល់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានជម្រុញឱ្យក្រុមការងារបច្ចេកទេស បន្តរៀបចំកែសម្រួលសេចក្តីព្រាងរបាយការណ៍នេះឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដើម្បីធានាថាដំណើរការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់យើងប្រព្រឹត្តទៅដោយរលូន ឆ្លើយតបម្ចាស់ការ និងមាននិរន្តរភាពពិតប្រាកដ៕











