++++++++++++++ខេត្តកណ្ដាល៖ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា អ្នកនាំពាក្យត្រូវរហ័សរហួន ហ៊ាននិយាយ ហ៊ានប្រឈមមុខ និងចេញបកស្រាយបំភ្លឺការពិតឱ្យបានលឿន ចៀសវាងការសាយភាយនៃព័ត៌មានក្លែងក្លាយ និងកុំទុកព័ត៌មានអោយនៅស្អុយ។ ឯកឧត្តមបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងអ្នកនាំពាក្យ ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ប្រចាំឆមាសទី២ របស់រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ផងដែរ។ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖ ដើម្បីអនុវត្តការងារសម្របសម្រួលកិច្ចការងារព័ត៌មាន និងសាធារណមតិខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់រហ័ស សំដៅគ្រប់គ្រងបាននូវសាធារណមតិបានទាន់ពេលវេលា និងទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត និងដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ និងគាំទ្រពីសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំក្រុមមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណមតិខេត្ត បន្តខិតខំសហការឱ្យបានជិតស្និតបន្ថែមទៀត ជាមួយនឹងថ្នាក់ជាតិ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងសមាជិកក្រុមសាធារណមតិខេត្តយើងទាំងអស់ ធ្វើប្រតិកម្មរហ័ស និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយផ្សេងៗ ដែលកើតមានក្នុងភូមិសាស្ត្រខេត្តយើង សំដៅគ្រប់គ្រងបាននូវសាធារណមតិ បន្តខិតខំតាមដានព័ត៌មាន និងរាយការណ៍ជាប្រចាំទាន់ពេលវេលាដល់ថ្នាក់ដឹកនាំខេត្ត និង ជាតិរាល់ការចេញផ្សាយរបស់អង្គភាពសារព័ត៌មាននានា ទាំងរដ្ឋ និងឯកជន ពាក់ព័ន្ធនឹងខេត្តកណ្តាល និងត្រូវខិតខំតាមដានព័ត៌មានជាប្រចាំ និងធ្វើប្រតិកម្មរហ័ស ប្រកបដោយសកម្ម បុរេសកម្ម ចំពោះព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លើស ព័ត៌មានបំភ្លៃ ព័ត៌មានខ្វះការពិតជាដើម ដែលបានកើតឡើងពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ឬក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ដើម្បីគ្រប់គ្រងបាននូវសាធារណមតិ តាមរយៈការចេញសេចក្តីប្រកាសព័ត៌មាន និងសេចក្តីបំភ្លឺព័ត៌មានជាដើម។ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណ ដល់បងប្អូនជាសមាជិកក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តទាំងអស់ ដែលបានរួមសហការគ្នាបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មាន និងឆ្លើយតបបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ ព័ត៌មានខ្វះការពិតជាដើម ពិសេសផ្សព្វផ្សាយព័ត៌មានអំពីព័ត៌មានជម្លោះព្រំដែនកម្ពុជា-ថៃ ទទួលបានលទ្ធផលល្អប្រសើរ គ្រប់គ្រងបាននូវសាធារណមតិក្នុងក្របខណ្ឌភូមិសាស្ត្រខេត្តយើង ។









