រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥២ភូមិ សរុបចំនួន ៣៧,៥០៩ បណ្ណ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ដីធ្លីក្នុងស្រុកពញាឮ ដែលគ្មានប័ណ្ណកម្មសិទ្ធិ មិនមែនជាកម្មវត្ថុនៃការទិញលក់ទៀតទេ គឺជាដីមិនស្របច្បាប់ មិនស្របនីតិវិធី ដីមានទំនាស់ ឬជាដីរដ្ឋ ព្រោះអាជ្ញាធរបានចុះបញ្ជីដី ព្រមទាំងបានចែកប័ណ្ណរួចរាល់ហើយ ជាងនេះទៅទៀតអាជ្ញាធរមូលដ្ឋាន ដាច់ខាតកុំបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធដីធ្លីជូន ប្រជាពលរដ្ឋ ក្រៅពីប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជីរួច។ បើចង់លក់ដូរ បញ្ចាំ ឬជួល សូមធ្វើការចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំជាមុនសិន។ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ដូច្នេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥២ភូមិ សរុបចំនួន ៣៧,៥០៩ បណ្ណ ស្ថិតក្នុងឃុំចំនួន៨ រួមមាន៖ ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណ សាលាស្រុកពញាឮ ក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត។

អត្ថបទទាក់ទង