++++++++++++ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ និងតំណាងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរីសុភមង្គលផងដែរ។ក្នុងកិច្ចប្រជុំនេះ ក្រោមការពន្យល់ បកស្រាយ និងបំភ្លឺពីសំណាក់ ឯកឧត្តម ឯក សុនចាន់ និងឯកឧត្តម គួច ចំរើន បានធ្វើឲ្យតំណាងបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាពាក់ព័ន្ធនឹងតម្លៃទឹកស្អាត យល់ព្រម និងឯកភាពស្រុះស្រួលជាមួយរដ្ឋាករទឹក ដោយបរិយាកាសសប្បាយរីករាយ។មានប្រសាសន៍ទៅកាន់តំណាងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរីសុភមង្គល ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្រុមការងារនឹងចុះទៅផ្សព្វផ្សាយ និងពន្យល់ជូនបងប្អូនប្រជាពលរដ្ឋដល់ទីតាំងបុរីដោយផ្ទាល់ ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ ពាក់ព័ន្ធនឹងតម្លៃទឹក ដែលបងប្អូនមិនទាន់បានបង់ អាចធ្វើការបង់ជាដំណាក់កាល (បង់រំលោះ)បាន ខណៈដែលការផ្គត់ផ្គង់ទឹកនៅតែដំណើរការធម្មតា។ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានប័ណ្ណសមធម៌សង្គម សូមអញ្ជើញមកដាក់ពាក្យនៅរដ្ឋាករទឹក ដើម្បីឲ្យក្រុមការងារធ្វើការពិនិត្យ និងដោះស្រាយជូនតាមរយៈកម្មវិធីមូលនិធិសង្គម រដ្ឋបាលខេត្ត នឹងរៀបចំមន្ត្រីជួយសម្រួលដល់បងប្អូនផងដែរ។



