រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០៤ភូមិ ជូនប្រជាពលរដ្ឋក្នុងស្រុកលើកដែក ខេត្តកណ្តាលដើម្បីធានាសុវត្ថិភាពគតិយុត្តលើការកាន់កាប់ដីធ្លី

+++++++++++ខេត្តកណ្ដាល៖ ក្នុងស្មារតីបម្រើសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងដើម្បីពង្រឹងសុវត្ថិភាពលើការកាន់កាប់អចលនទ្រព្យ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋ ចំនួន៤ភូមិ គឺភូមិកោះកន្ធាយ ភូមិព្រែកដាច់ ភូមិព្រែកតូច និងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ស្មើនឹង៣,៩៥៥បណ្ណ នាព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ ដែលមានទីតាំងនៅសាលាស្រុកលើកដែក។ ឯកឧត្ដម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការចែកបណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងវិវាទផ្សេងៗ។ ឯកឧត្ដម អភិបាលរងខេត្តបន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលព្រោះការចុះបញ្ជីដីធ្លីនេះបានផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងចំពោះបញ្ហាវិវាទដីធ្លី។ វិញ្ញាបនបត្រនេះគឺជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដីយកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។ ឯកឧត្ដមអភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំង៤ភូមិ ក្នុងស្រុកលើកដែក ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដម បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ខេត្តកណ្តាល បានអនុវត្តនីតិវិធីបិទផ្សាយចប់ និង ត្រៀមចេញបណ្ណនាពេលខាងមុខចំនួន ២២៣ ភូមិ មាន ២២០ ៧៤៣ ក្បាលដី និងបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៧៨៤ភូមិ ស្មើនឹង ៥៨៥ ៨១៨ បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៦៣ លើក ស្មើនឹង ៤៣០ ៨៧៥ បណ្ណ ។ចំពោះថ្ងៃនេះគឺជាលើកទី២៦៣ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ០៤ភូមិ ក្នុងឃុំព្រែកដាច់ រួមមាន៖ភូមិកោះកន្ធាយ២៨៣ បណ្ណភូមិព្រែកដាច់ចំនួន ១ ២៨៨ បណ្ណ ភូមិព្រែកតូចចំនួន ១ ៣៧៩ បណ្ណ ភូមិតាហ៊ីងចំនួន ១ ០០៥ បណ្ណសរុប ចំនួន ៣ ៩៥៥ បណ្ណ៕

អត្ថបទទាក់ទង