រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥

  • 1.1ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ០៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គោលបំណងសំខាន់បំផុត នៃការប្រារព្ធទិវានេះឡើង គឺដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

ក្នុងទិវាដ៏នក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចែកមួកសុវត្ថិភាពដល់តំណាងចំនួន ១០រូប ថតរូបអនុស្សាវរីយ៍ និងនិមន្តព្រះសង្ឃរាប់បាត្រ ព្រមទាំង បង្សុកូល ឧទ្ទិសជូនដល់ជនរងគ្រោះដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សូមជម្រាបថា យោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យមានមនុស្សស្លាប់ ក្នុង១ថ្ងៃ ចាប់ពី៥នាក់ ទៅ៦នាក់ និងរងរបួសធ្ងន់ និងស្រាលជាច្រើននាក់ទៀត។ ចំនួនអ្នកស្លាប់របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូគោក មានការកើនឡើង ពិសេស ក្នុងអំឡុងពេលបុណ្យសំខាន់ៗ និងថ្ងៃចុងសប្ដាហ៍។

ជាងនេះទៅទៀត គ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយកត្តាចម្បងចំនួន៣ រួមមាន ៖ កត្តាមនុស្ស កត្តាយាន្ត និងកត្តាបរិស្ថានផ្លូវថ្នល់។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនា យករង អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន ភ្ញៀវកិត្តិយស និងប្រតិភូអមដំណើរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទទាក់ទង