នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននានាដែលបានចូលរួមបរិច្ចាគជាសម្ភារ និងថវិកាផ្ទាល់ខ្លួនដើម្បីប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាថ្ងៃនេះ ក្នុងនោះ មានលោកឧកញ៉ា គិត ចាន់ថា អគ្គនាយកក្រុមហ៊ុន KITHCHANTHA INVESTMENT CO,.LTD លោកជំទាវ ចាន់ គន្ធា លោកជំទាវ ទិត សុខុម លោកស្រី ផង់ ស្រីមុំ លោកស្រី ចាយ ចិន្តាមុន្នី និង លោកស្រី យស សុគន្ធា ដោយបាននាំយកមា៉ស់ចំនួន១០កេសធំ ទឹកអាល់កុលចំនួន ៣កេសធំ ជែលលាងដៃ៣កេសធំ និងថវិកាចំនួន៤លានរៀល។
ឯកឧត្តម បានបន្តមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នឹងចាត់ចែងសម្ភារ និងថវិកាទាំងនេះដើម្បីចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយផ្ទាល់ដៃ ដោយមិនប្រកាន់បក្សពួក ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។
អំណោយទាំងនេះ គឺជាសក្ខីភាពនៃទឹកចិត្តដ៏ជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។