រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកជំទាវ នំាយកអំណោយមនុស្សធម៌ប្រគល់ជូនដល់សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ

  • 1.1ពាន់
  • ដោយ Admin

ព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្នុងពិធីប្រគល់អំណោយមនុស្សធម៌ជូនដល់សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នាពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត លោក លោកស្រីសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រីក្រុមប្រតិបត្តិសាខា លោក លោកស្រី អនុសាខាកាកបាទក្រហមស្រុក លោកមេឃុំ មេភូមិ សរុបចំនួន៥២នាក់។

អំណោយដែលបានប្រគល់ជូនដល់សមាគម នាពិធីនេះមាន៖ អង្ករ ២.០០០គីឡូក្រាម មី៣០កេស ត្រីខកំប៉ុង៣កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ សាប៊ូ២កេស ទឹកបរិសុទ្ធ២០ដបធំ អាល់កុល៣០លីត្រ ម៉ាស់៥០០បន្ទះ ថវិកាឧបត្ថម្ភសមាគមចំនួន ៣លានរៀល ក្នុងនោះថវិកា លោកឧកញ៉ា គិត ចាន់ថា ជួយឧបត្ថម្ភ១លានរៀល និងឧបត្ថម្ភកុមារចំនួន៤៦នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល។

សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ បានបង្កើតឡើងកាលពីឆ្នាំ២០១៦ និងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ គិតមកដល់ឆ្នាំ២០២០ នេះសមាគមបានចិញ្ចឹម អប់រំ ថែទាំកុមារកំព្រាគ្មានទីពឹងសរុប៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន១០នាក់ កុមារទាំងនេះភាគច្រើនមកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃវែង ក្រចេះ កំពង់ចាម ពោធិសាត់ និងក្រុងព្រះសីហនុ។

នាឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី បានចូលក្រាបថ្វាយបង្គំព្រះគ្រូចៅអធិការវត្ត និងបាននាំយកទេយ្យទានប្រគេនព្រះគ្រូក្នុងនោះមានអង្ករ ៥០០គីឡូក្រាម មី៤កេសតូច ត្រីខកំប៉ុង៤យួរ ទឹកបរិសុទ្ធ៤កេស និងបច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ។

អត្ថបទទាក់ទង