ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម ប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សា ខេត្ត លើកទី១៨ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធសរុប ៩៧រូប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អទាំងក្នុងពេលប្រឡង និងក្រោយប្រលងថ្នាក់មធ្យមសិក្សាទុតិយភូមិ ពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីតាំងមណ្ឌលប្រឡង និងកន្លែងស្នាក់នៅរបស់បេក្ខជនប្រឡងឱ្យបានសម ស្រប ធ្វើយ៉ាងណាឲ្យការប្រឡងនេះប្រព្រឹត្តដោយជោគជ័យ សុវត្ថិភាព និងទទួលបានលទ្ធផលល្អ។ ឯកឧត្តមក៏បានជំរុញបន្ថែម ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវខិតខំពង្រឹងលើការងារបំប៉នបន្ថែមដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបក្នុងឆ្នាំនេះ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឡង ជាប់ឲ្យបានភាគរយខ្ពស់ តាមគ្រប់មធ្យោបាយនៅតាមគ្រឹះ ស្ថានអប់រំ សាលានានា និងតាមប្រព័ន្ធអនឡាញជាដើម។
ក្នុងឱកាសនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលបានបញ្ជាក់ក្នុងកិច្ចប្រជុំនេះថា ពាក់ព័ន្ធនឹងការជួសជុល និងស្ដារឡើងវិញចំពោះផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តបានរៀបចំជាឯកសារទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីជួយដោះស្រាយ និងអន្តរាគមន៍រួចរាល់ហើយ ។
ឯកឧត្តម បានបន្ថែមទៀតថា ចំពោះការខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀងនាឆ្នាំនេះ គឺបានប៉ះពាល់ធ្ងន់ធ្ងរដល់ស្រុកកណ្ដាលស្ទឹង គឺបានរងផលប៉ះពាល់ដំណាំស្រូវជាង ១០០០ ហិកតា ក្នុងនោះបានជួយសង្គ្រោះទាន់ពេល បានប្រមាណជាង ៥០០ហិកតា ហើយរដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធបានយកស្រូវពូជជាង ៣០តោន ទៅចែកជូនដល់ប្រជាកសិករបានរួចរាល់ហើយ ដោយឡែកចំពោះស្រុកស្អាង ក៏រដ្ឋបាលខេត្តបានផ្ដល់ពូជស្រូវជាង ៣៣តោន ចែកជូនដល់ប្រជាកសិករផងដែរ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការផ្សព្វផ្សាយប្រកាសលេខ ៤ ២៥០ប្រក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពី ការផ្លាស់ប្តូរ និងទទួលស្គាល់ លោកជំទាវ ប៉ុង បូរ៉ានីន ជាសមាជិកក្រុមប្រឹក្សាខេត្តកណ្តាល ជំនួស ឯកឧត្តម សុក ប៊ុនថុន ដែលបានទទួលមរណភាព និងប្រកាសលេខ ៣ ៩៦៧ប្រក ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់ លោក មាស ប៊ុនថុល ជាអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល