រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

  • 1.3ពាន់
  • ដោយ Admin

សៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភា​ព​​កាលពីថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៣:៣០នាទីទៀបភ្លឺកន្លងទៅ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ នៅ​គេហដ្ឋាន​គ្រួសារសព ស្ថិតនៅបុរី ប៉េង ហួត បឹងស្នោរ ដឺស្តាផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​

ក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះឯកឧត្តម និងគណៈប្រតិភូបាន ចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម ពេជ ឫទ្ធី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោកជំទាវ ងួន សុខា ដែលជាការបាត់បង់នូវសមាជិកគ្រួសារមួយរូប ដែលត្រូវជាកូន ភរិយា ម្តាយ និងបងស្រី​ជាទីគោរពស្រឡាញ់ ប្រកបដោយកត្តញ្ញុតាធម៌ ព្រហ្មវិហារធម៌ ដ៏ប្រពៃថ្លៃថ្លា និងក៏ជាការបាត់បង់ឥស្សរជនឆ្នើមរបស់ជាតិ ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងបន្សល់ទុកនូវស្នាដៃសំខាន់ៗក្នុងការចូលរួមបម្រើឧត្តមប្រយោជន៍សង្គមជាតិ សាសនា ព្រះមហាក្សត្រ ដោយភាពស្មោះត្រង់បំផុត។

ក្នុងឱកាសដ៏ក្រៀ​មក្រំនេះ ឯកឧត្តម និងប្រតិភូទាំងអស់គ្នា បានលើកហត្ថប្រណម ឧទ្ទិសបួងសួងដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង