រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលស្តីពី” វិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាល

++++++++++ ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក) បានបើកវគ្គបណ្តុះបណ្តាលស្តីពី" វិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាល។ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះគឺសំដៅលើសិក្ខាកាម ដែលជាអ្នកពាក់ព័ន្ធមានតម្រូវការក្នុងការងារដោះស្រាយវិវាទដីធ្លីតាម បណ្តាក្រុង ស្រុក ដែលរដ្ឋបាលខេត្តបានបែងចែកតាមក្រុង ស្រុកនីមួយៗ និងត្រូវបានទទួលការបណ្តុះបណ្តាល បន្ថែមសម្រាប់ការងារខាងលើនេះ។ ឯកឧត្តមបន្តថា៖ កិច្ចការងារខាងលើនេះ រដ្ឋបាលខេត្តកណ្តាលចុះអនុស្សរណៈនៃការ យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគីសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅខេត្តកណ្តាល។ ឯកឧត្តមបានបន្ថែមទៀតថា៖ រដ្ឋបាលខេត្តកណ្តាល គឺជាខេត្តគោលដៅមុនគេបង្អស់ ដែលបានចុះអនុស្សារណៈខាងលើ និងក៏ជាខេត្ត ដែលពោរពេញទៅដោយ ស្ថានភាពនៃការផ្តល់សេវាខ្ពស់ និងច្រើនហើយក៏មានគ្រប់ រាល់បញ្ហាជាច្រើនដែលរដ្ឋបាលបានជួបនាពេលកន្លង ដែលជាចំណុចល្អដែលត្រូវអនុវត្តលើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សារវិវាទ។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា (អ.ជ.ក.) នេះ ពិតជាសារៈសំខាន់ណាស់ គឺជាយន្តការបំពេញបន្ថែមមួយ ទៀតលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋានរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅ តាមតុលាការផងដែរ។ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាល នាឱកាសនេះ គឺកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះ សម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ស្នើសុំឱ្យ លោក លោកស្រី ខិតខំធ្វើការយកចិត្តទុកដាក់ ចូលរួមក្រែបយកចំណេះជំនាញសម្រុះសម្រួលវិវាទនេះ និងធ្វើការ ចែករំលែកនូវបទពិសោធន៍ និងបញ្ហាប្រឈមចំពោះការអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ ខ្លួន ដើម្បីជាការចែករំលែកនូវចំណេះដឹង ចំណេះធ្វើ ក៏ដូចជាមូលដ្ឋានសម្រាប់ អ.ដ.ក. ក្នុង ការសិក្សា រៀបចំ និងដាក់ចេញនូវសេចក្តីណែនាំ គោលនយោបាយ ឬបទដ្ឋានគតិយុត្តគាំទ្រដល់ការអនុវត្តយន្តការនេះនាពេលអនាគត និងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបានបន្តថា៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តកំណែទម្រង់យុត្តិធម៌ និងតុលាការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណង ដើម្បីពង្រឹងវិធីសាស្រ្តផ្សេងៗ សម្រាប់ការដោះស្រាយវិវាទ នៅថ្នាក់ឃុំ/ សង្កាត់ ស្រុក/ ខណ្ឌ ខេត្ត/ក្រុង រហូតដល់ថ្នាក់ជាតិ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬវិធីសាស្ត្រ ក្នុងការដោះស្រាយវិវាទ ដែលគូភាគីនៃវិវាទ អាចធ្វើការជ្រើសរើសការដោះស្រាយវិវាទរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការ។ លោកជំទាវបានបញ្ជាក់ទៀតថា៖ ផ្អែកតាម លទ្ធផលលើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ កន្លងមក អ.ជ.ក. ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ពិសេស ការសាទរពីប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់ពួកគាត់ផងដែរ។ បើគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, អ.ដ.ក. បានចាត់ការសំណុំរឿងសរុបបាន ចំនួន ៤ ករណី ក្នុងចំណោមសំណុំរឿង ដែលទទួលបាន សរុបចំនួន ១៣ ករណី។ ក្នុងនោះសំណុំរឿងចំនួន ៥ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ និងបានឈានទៅដល់ការចេញ “កំណត់ហេតុព្រមព្រៀងបញ្ចប់ វិវាទ, សំណុំរឿងចំនួន ៤ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុស លក្ខខណ្ឌនៃការធ្វើបណ្ដឹង, សំណុំរឿងចំនួន ៤ ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការ សម្រុះ សម្រួល និងដោយឡែកសំណុំរឿងចំនួន៤ ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.៕

អត្ថបទទាក់ទង