រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ»

  • 617
  • ដោយ Admin

ព្រឹកថ្ងៃពុធ ៥រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ចូលរួមពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នាពិធីដ៏អធិកអធមនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរខេត្ត ស្រុក និងបុគ្គលិកយ៉ាងច្រើនកុះករ។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ផ្តល់ការកម្សាន្តជូនដល់អ្នកទេសចរគ្រប់វ័យ មានកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យទាំងអស់។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានសេវាកម្មកម្សាន្តដូចជា៖ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» បើកទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ តម្លៃសំបុត្រ មានចាប់ពី ៤ដុល្លារ រហូតដល់ ៤០ដុល្លារ។ សម្រាប់សំបុត្រតម្លៃ ៤០ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តដែលមាននៅក្នុងមណ្ឌលកម្សាន្តមួយនេះ។ ក្រៅតែពីផ្តល់នូវការកម្សាន្តដ៏សម្បូរបែបហើយនោះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគដោយក្រុមហ៊ុនចិននេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ប្រមាណ ១៩០នាក់៕

អត្ថបទទាក់ទង