រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ យាងជាព្រះធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ប៉ុស្ដិ៍សុខភាព

  • 1.2ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោកជំទាវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មានមហាកិត្តិយសដ៏ឧត្តុង្គឧត្តមយ៉ាងក្រៃលែងជាទីបំផុត ដោយបានដឹកនាំ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការអាជ្ញាធរក្រុង-ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលបានប្រារព្ធធ្វើឡើងនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ។

ក្នុងព្រះរាជពិធីដ៏វិសេសវិសាលឧត្តុងឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកណ្តាលនាថ្ងៃនេះ មានការ និមន្ត យាង និងអញ្ជើញចូលរួម ដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ សម្តេចព្រះរាជគណៈព្រះគ្រូឋានា ព្រះថេរានុត្ថរៈជាទីសក្ការៈគ្រប់ព្រះអង្គ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវគណៈប្រតិភូជាន់ខ្ពស់ លោកឧកញ៉ា លោក-លោកស្រី សប្បុរសជន ព្រះមន្ត្រីសង្ឃ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលជាច្រើនអង្គ/នាក់។

មានព្រះរាជបន្ទូលនាឱកាសដ៏មហាប្រសើថ្លៃថ្លានោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានកោតសរសើរ និងអរគុណ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួលទាំងផ្នែករដ្ឋបាល និងបច្ចេកទេសក្នុងដំណើរការការកសាងប៉ុស្ដិ៍សុខភាពនេះ។

ជាមួយគ្នានេះព្រះអង្គក៏បានមានព្រះរាជបន្ធូល អរគុណ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានរាយការណ៍អំពីកិច្ចសហការរួមរវាងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាស្ថិរភាពសង្គមប្រកបដោយសេចក្ដីសុខ និងការអភិវឌ្ឍមូលដ្ឋានគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជឱង្ការថា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះរាជទាននូវរថយន្ដសង្គ្រោះបន្ទាន់ មួយគ្រឿង និងព្រះរាជទ្រព្យសម្រាប់ជាវម៉ាស៉ីនធ្វើតេស្ដឈាមមួយគ្រឿង សម្រាប់ប្រើប្រាស់ក្នុងប៉ុស្ដិ៍សុខភាពនេះ។

ព្រះអង្គបានមានព្រះរាជបន្ទួលទៀតថា ប៉ុស្ដិ៍សុខភាពនេះ ពិតមែនតែមានទំហំតូច ប៉ុន្ដែជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកសុខាភិបាលមួយកម្រិត ដើម្បីឲ្យប្រជារាស្ដ្រអាចមកព្យាបាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ ហើយក្នុងករណីមានជំងឺធ្ងន់ធ្ងរ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ អាចបញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ឬខេត្តទៀត៕

អត្ថបទទាក់ទង