រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំប្រភូរដ្ឋបាលខេត្ត ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ែន វិវឌ្ឍវិទ្យា

  • 908
  • ដោយ Admin

រសៀលថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំប្រភូរដ្ឋបាលខេត្ត ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ែន វិវឌ្ឍវិទ្យា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ២១:៤៩នាទី ក្នុងជន្មាយុ៥៣ឆ្នាំ ដោយរោគាពាធ ស្ថិតនៅផ្ទះលេខ១៩០ ផ្លូវលេខ២៧៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាងនាម ក្រុមប្រឹក្សា គណៈអភិបាល និងក្រុមគ្រួសារ ព្រមទាំងព្រះសង្ឃ ប្រតិភូនៃរដ្ឋបាលខេត្ត កងកម្លាំងទាំងបី មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ ឯកឧត្តម ដែលជាសមាជិកម្នាក់ នៃគ្រួសារ របស់ លោកតា លោកយាយ លោកឪពុក អ្នកម្តាយ លោកជំទាវ និងកូនៗជាទីស្រលាញ់បំផុត ហើយក៏ជាការបាត់នូវធនធានមនុស្សដ៏មានតម្លៃធំធេង ដែលមិនអាចកាត់ថ្លៃបាន ដែលកន្លងមក ឯកឧត្តម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើជាតិ មាតុភូមិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃយើងទាំងអស់គ្នា។

ក្នុងនាមរដ្ឋបាលខេត្ត សូមចូលរួម សោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ នៃសព ឯកឧត្តម និងសូមលើកហត្ថប្រណមបួងសួង សូមវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម បានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

សូមជម្រាបជូនថា ឯកឧត្តម ម៉ែន វិវឌ្ឍវិទ្យា គឺជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាននាយកដ្ឋានវិនិយោគ នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងត្រូវជាប្អូនប្រុសជីដូនមួយបង្កើត របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

អត្ថបទទាក់ទង