រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញបន្តអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យផលិតកម្មដំណាំបន្លែ

  • 767
  • ដោយ Admin

ស្ថិតក្នុងស្រុកខ្សាច់កណ្តាលដដែល ក្រោយពិធីសំណេះសំណាល និងចែកកូនត្រី បានបញ្ចប់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងក្រុមការងារ បានបន្តអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូក្រសួង អញ្ជើញបន្តដំណើរទៅពិនិត្យផលិតកម្មដំណាំបន្លែ មាន ត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ម្ចាស់ចំការប្រុស ស្រី បានរៀបរាប់ជូនគណៈប្រតិភូ អំពីការងារដាំដុះ ប្រមូលផល ទីផ្សារ ចំណូល ការងារបណ្តុំបន្លែសុវត្ថិភាព និងបញ្ហាផ្សេងៗ។

ពួកគាត់បានបញ្ជាក់ថា ក្នុងមួយឆ្នាំគាត់ទទួលបានប្រាក់ចំណូលប្រមាណជាបីពាន់ដុល្លារអាមេរិក ហើយទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងជាពិសេសមន្រ្តីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់ កំលាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូត ធ្វើឲ្យផលិតកម្មបន្លែរបស់ពួកគាត់រីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន ប៉ុន្តែមានបញ្ហាសំខាន់មួយគឺតំបន់នេះទឹកទន្លេឡើងលិចរៀងរាល់ឆ្នាំទើបតែឆ្នាំនេះ ពុំមានទឹកលិច ដូច្នេះពួកគាត់បានដាំបន្តទៀត។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការបន្លែរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងគាំទ្រចំពោះការខិតខំប្រឹងប្រែងដាំបន្លែគ្រាន់ជាប្រភពចំណូលក្នុងគ្រួសារ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំមន្ទីរចុះមកជួយរៀបចំចងក្រង និងពង្រឹងបណ្តុំអាជីវកម្មបន្លែ ដើម្បីធានាបានទីផ្សារ តម្លៃ និរន្តរភាពនៃការផ្គត់ផ្គង់ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលឈានទៅធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាបរិមាណផ្គត់ផ្គង់ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដើម្បីចូលរួមចំណែកជួយរក្សាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ក្នុងខណ:ដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិជំងឺឆ្លងកូវីដ-១៩ ។

អត្ថបទទាក់ទង