រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនដើម្បីចែកជូនដល់ប្រជាកសិករចំនួន៥២គ្រួសារ

  • 711
  • ដោយ Admin

(ស្រុកខ្សាច់កណ្តាល)៖ ព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម នុត ពុធដារ៉ា និង ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងក្រុមការងារ បានចូលរួមពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនដើម្បីចែកជូនដល់ប្រជាកសិករចំនួន៥២គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាននិងប្រជាកសិករជាច្រើនកុះករ។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវឌ្ឍនភាពនៃវិស័យកសិកម្មនៅទូទាំងស្រុក ស្ថានភាពភូមិសាស្រ្ត សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេវាសាធារណ: ជាពិសេសផលិតកម្មបន្លែ និងចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ ជូនអង្គពិធីអំពីសកម្មភាពនៃយុទ្ធនាការជំរុញផលិតកម្មស្បៀងមានជាអាទិ៍៖ ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែបជាលក្ខណគ្រួសារតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែ កក្កដាកន្លងមក ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀតកំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩ ហើយសម្រាប់យុទ្ធនាការដ៏មានសារសំខាន់នេះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថាស្រុកខ្សាច់កណ្តាល ជាស្រុកមួយក្នុងចំណោមស្រុកទាំង ១១ ក្នុងខេត្តកណ្តាលដែលមានសក្តានុពលផ្នែកផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់ឲ្យរាជធានីភ្នំពេញ ហេតុនេះហើយឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យប្រជាកសិករត្រូវឆ្លៀតទាញយកប្រយោជន៍ពីឱកាសមាសនេះ តាមរយ:ខិតខំបង្កើនផលិតភាពផលិតកម្មបន្លែ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំរួមផ្សំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គងឲ្យទីផ្សារ និងសន្តិសុខស្បៀង។

ចំពោះការចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។ ជាមួយគ្នានេះដែរ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច រៀបចំបណ្តុំផលិតកម្មចិញ្ចឹមដើម្បីធានាការផ្គត់ផ្គង រៀបចំផែនការចិញ្ចឹមច្បាស់លាស់ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ត្រូវតែបន្តយុទ្ធនាការនៃការជំរុញផលិតកម្មស្បៀងនេះឲ្យមាននិរន្តរភាព តាមរយ:បង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។

រដ្ឋបាលជលផល ត្រូវពិនិត្យលើគោលការណ៍នាំចូលត្រីគ្រប់ប្រភេទដើម្បីធ្វើការកាត់បន្ថយបរិមាណ ឬបញ្ឈប់ការនាំចូល ដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្មត្រីក្នុងស្រុក។

ក្នុងពិធីនេះដែរ ឯកឧត្តម បាននាំយកនូវ ត្រីអណ្តែង ៧០០ក្បាល ចំណីសត្វ៤បាវ តង់ប្លាស្ទិកចិញ្ចឹមត្រី ១សម្រាប់ និងថវិកាក្នុងម្នាក់ៗ២ម៉ឺនរៀល ដើម្បីប្រគល់ជូនដល់ប្រជាកសិករចំនួន៥២គ្រួសារ ព្រមទាំងបានជួយឧបត្ថម្ភប្រេងចំនួន ១០០០លីត្រ ទុកជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវផងដែរ។

អត្ថបទទាក់ទង