រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយស ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

  • 1.2ពាន់
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលកណ្តាល បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយស «ផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសកលវិទ្យាល័យកម្ពុជា ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា នៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជការ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

សូមជម្រាបជូនថា យោងសេចក្ដីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យកម្ពុជា បានឱ្យដឹងថា គិតចាប់ពីពេលបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៣ មក នេះជាលើកទី៥៥ ហើយ ដែលសាកលវិទ្យាល័យបានប្រគល់សញ្ញាបត្រជូននិស្សិត និងឥស្សរជន។ ការប្រគល់សញ្ញាបត្រដំបូង គឺធ្វើឡើងនៅឆ្នាំ២០០៤ ដោយបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

មូលហេតុដែលសាកលវិទ្យាល័យកម្ពុជាសម្រេចប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ជូននាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង គឺដោយសារ៖

កត្តាទី១៖ លោកបានបម្រើការជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះលោកបានបម្រើ និងការពារថ្នាក់ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសនានា ក្នុងពេលដែលពួកគាត់បានមកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា។

កត្តាទី២៖ លោកបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព សន្ដិសុខ ស្ថិរភាពនយោបាយ ដែលមានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

កត្តាទី៣៖ លោកបានគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការជំរុញទំនាក់ទំនងស៉ីវិល និងយោធា តាមរយៈការជួយដល់ការងារដែលទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិ និងការអភិវឌ្ឍសហគមន៍។

សាកលវិទ្យាល័យកម្ពុជាបានឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ សាកលវិទ្យាល័យកម្ពុជាទទួលស្គាល់ និងផ្ដល់តម្លៃខ្ពស់ចំពោះឥស្សរជនដែលមានស្នាដៃឆ្នើម និងបានចូលរួមចំណែកដល់សង្គមទាំងក្នុងវិស័យសាធារណៈ និងឯកជន ក៏ដូចជាក្នុងជួររាជរដ្ឋាភិបាល យោធា វិស័យសិក្សាធិការ និងច្បាប់ជាដើម៕

អត្ថបទទាក់ទង