រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល

  • 1.2ពាន់
  • ដោយ Admin

ព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព។

ក្នុងពិធីដ៏វិសេសវិសាលឧត្តុងឧត្តម្ភនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ក្រុង-ស្រុក ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្រ្តីរាជការរដ្ឋបាលខេត្តពាក់ព័ន្ធសរុបចំនួន ២០៤រូប។

ស្ថិតក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមជំនួយការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញឡើងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាន និងសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលកន្លងទៅក្រុមការងារបានអញ្ជើញចុះបំពេញការងារដ៏សស្រាក់សស្រាំដើម្បីជួយខេត្តកណ្តាល ជូនដល់ ឯកឧត្តមគណៈអធិបតី និងសមាជិក សមាជិកានៃអង្គពិធី។

ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបានរៀបចំផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល ដែលជាត្រីវិស័យ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាលទ្ធផល សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនអនេក។

ចំពោះមុខក្នុងនាមរដ្ឋបាលខេត្តកណ្តាល ក្រោមការយកចិត្តទុកដាក់គាំទ្រយ៉ាងពេញទំហឹងពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កណ្តាល រដ្ឋបាលខេត្តបានលើកទិសដៅ ដើម្បីអនុវត្តការងារបន្ត ដូចតទៅ៖
-បន្តពង្រឹងគុណភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ
-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
-បន្តរៀបចំវេទិកាសាធារណៈតាមផែនការកំណត់នៅតាមបណ្ដាក្រុង ស្រុក
-បន្តព្យាយាមដោះស្រាយបញ្ហាដែលនៅសេសសល់ជូនប្រជាពលរដ្ឋ និងបន្តពិនិត្យលើសំណើដើម្បី ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិនិត្យ សម្រេចដោះស្រាយ ។
-ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការកែសម្រួលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ក្រុង-ស្រុក ឃុំ-សង្កាត់។
-ពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នារវាងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីនៅមូលដ្ឋាន ពិសេសបង្កើនភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សំដៅបង្កើនភាពជឿទុកចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល។
-បន្តគាំទ្រលើកកម្ពស់វិស័យកសិកម្ម ពិសេសការដាំបន្លែសុវត្ថិភាព ដោយលើកទឹកចិត្តឲ្យប្រជាកសិករចងក្រងជាបណ្តុំកសិករ ឬសហគមន៍ ក្នុងការដាំបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់។ ស្ថិតក្នុងឆន្ទៈនៃការដឹកនាំខេត្ត យើងខ្ញុំមានមហិច្ឆិតាឲ្យខេត្តកណ្តាល ក្លាយជាខេត្តនាំមុខ ក្នុងការនាំចេញបន្លែទៅផ្គត់ផ្គង់នៅតាមបណ្តារាជធានី ខេត្ត
-បន្តចុះផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ ដើម្បីធានាប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញ រលកទី២ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។
-បន្តអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងគ្រួសារ ក្រីក្រ ក្នុងកំឡុងពេលប្រយុទ្ធនិងជម្ងឺកូវីដ-១៩។
-បន្តគាំទ្រដល់យន្ដការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
-សហការអនុវត្តគម្រោងសាងសង់អគារទីស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ លើផ្ទៃដី ១១ ហិកតា ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ
-បន្តសហការជាមួយក្រុមការងារអន្តរក្រសួង ក្នុងការដោះស្រាយការបាក់ច្រាំងទន្លេ និងព្រែក នៅតាមបណ្ដោយព្រំដែន
-បន្តទប់ស្កាត់បទល្មើសឆ្លងកាត់តំបន់ព្រំដែន និងលើកកម្ពស់ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន
-ជំរុញការចុះបញ្ជីដីរដ្ឋ និងខិតខំបន្តដោះស្រាយទំនាស់ដីធ្លី ក្នុងខេត្ត
-ជំរុញការអភិវឌ្ឍនៅមូលដ្ឋានឱ្យបានល្អប្រសើរ លើការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ប្រព័ន្ធធារាសាស្រ្ត និងសមិទ្ធផលនានាបន្ថែមទៀតនៅក្នុងមូលដ្ឋាន ស្របតាមផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្ត និងតាមរយៈការគៀរគរពីដៃគូ សប្បុរសជន។
-បន្តសិក្សាគម្រោងដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដែលស្ថិតនៅក្នុងផែនការរបស់ខេត្ត គ្រប់ផ្លូវទាំងអស់ក្នុងខេត្ត នឹងមានភ្លើងបំភ្លឺផ្លូវ ។
-បន្តសហការជាមួយក្រុមការងារអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់គម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវក្រវ៉ាត់ក្រុង និងគម្រោងនានារបស់ថ្នាក់ជាតិ ដើម្បីឲ្យគម្រោងអាចដំណើរការ និងបញ្ចប់ការងារតាមការគ្រោងទុក។
-បន្តសហការ និងដោះស្រាយផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មី ខ្នាត៤F ស្ថិតនៅស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
-បន្តសហការអនុវត្តគម្រោងសាងសង់រោងចក្រអគ្គិសនី ៤០០ មេហ្គាវ៉ាត លើផ្ទៃដី ៤៣ ហិកតា ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ។
-ត្រៀមលក្ខណៈសហការអភិវឌ្ឍន៍រៀបចំរោងចក្រកែច្នៃសំរាមកាកសំណល់រឹង រាវ និងកំណត់ រកទីតាំងដីសម្រាប់ចាក់សំរាមនៅតាមបណ្តាស្រុក
-ជំរុញការសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង
-ជំរុញ និងគាំទ្រដល់រដ្ឋបាលក្រុងស្រុក បង្កើតឲ្យមានទីធ្លាកីឡដ្ឋាន សម្រាប់ការលេងកីឡារបស់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីពង្រឹងគុណភាពកីឡាករ ចូលប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ និងដើម្បីសុខភាពផងដែរ។
-បន្តសហការអនុវត្តគម្រោងសាងសង់អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ ទំហំ ៥០ ហិកតា ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
-សិក្សាគម្រោងបង្កើតទីកន្លែងបណ្តុះកូនឈើ ពូជឈើ និងបង្កើតជាឧទ្យាន សម្រាប់ប្រជាពលរដ្ឋលំហែ និងហាត់ប្រាណដើម្បីសុខភាព។

ក្រោយពីបានស្តាប់របាយការណ៍សង្ខេប របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋបាលភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានការបេជ្ញាចិត្តរួមគ្នា ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបាននូវលទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយបន្តរក្សាបានយ៉ាងគត់មត់ នូវសុខ សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សធារណៈ និងការអភិវឌ្ឍនសង្គមលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទូទាំងខេត្តកណ្តាលទាំងមូល បានបន្តខិតខំរួមគ្នាបំពេញកាតព្វកិច្ច និងករណីកិច្ចនានា ស្របតាមច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ យ៉ាងខ្ជាប់ខ្ជួន។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះធ្វើសកម្មភាពតាមតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីគាំទ្រ និងជម្រុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើន លើគ្រប់វិស័យ។

ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបានកន្លងមក និងបញ្ហាប្រឈមចំពោះមុខដែលបានកើតឡើងកន្លងទៅ ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសរំលេចនូវកិច្ចការសំខាន់ៗមួយចំនួន ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ-មន្ទីរអង្គភាពជំនាញ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងខេត្តទាំងមូល ត្រូវរួមគ្នាខិតខំជម្រុញអនុវត្តដោយការយកចិត្តទុកដាក់ខ្ពស់ដូចតទៅ៖

១-ពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ
២-អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
៣-គ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន
៤-អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច
៥-កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៦-ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
៧-បន្តជម្រុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានៅមូលដ្ឋាន

មុននឹងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានក្រើនរំលឹក និងបានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង-ស្រុក និងឃុំ-សង្កាត់ទាំងអស់ យកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួនទៀត ដូចខាងក្រោម៖

១-ត្រូវពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា ២ និងអភិក្រម ៥ ដែលដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ» និង «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។
២-ត្រូវបន្តកិច្ចសហការខិតខំសហការខិតខំជម្រុញការដោះស្រាយបញ្ហាទាំងឡាយ ដែលទទួលបានពីប្រជាពលរដ្ឋ ឱ្យបានចេញជាលទ្ធផលជាក់ស្តែង ដោយផ្អែកតាមគោលការណ៍ និងវិធានការនានាដែលបានកំណត់។
៣-ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ កាលបើបានទទួលសំណើរបស់ប្រជាពលរដ្ឋ ពីក្រុមការងារហើយ ត្រូវខិតខំសហការដោះស្រាយសំណើ និងសំណូមពរទាំងនោះ ឱ្យបានសមស្រប និងទាន់ពេល ស្របទៅតាមសមត្ថកិច្ចរបស់ក្រសួង-ស្ថាប័នសាមីនីមួយៗ។
៤-ត្រូវបន្តចុះមូលដ្ឋាន ឱ្យបានទៀងទាត់ ជាប់ជាប្រចាំ និងសហការគ្នារៀបចំវេទិកាសាធារណៈ ឱ្យបានសកម្មឡើងវិញ ក្នុងទម្រង់ និងទំហំសមស្រប ដោយគោរពខ្ជាប់ខ្ជួន និងម៉ត់ចត់តាមគោលការណ៍ និងវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
៥-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវធ្វើបច្ចុប្បន្នភាព និងរៀបចំឱ្យមានក្រុមលេខាធិការដ្ឋាន ឬក្រុមជំនួយការ សម្រាប់ក្រុមការងាររបស់ខ្លួន ដើម្បីជួយការងារមួយចំនួន ដូចជា ការកត់ត្រាយោបល់ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ ដែលត្រូវបានលើកឡើងនៅក្នុងវេទិកាសាធារណៈ បូកសរុបរបាយការណ៍សាធារណៈ បូកសរុបរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ហើយផ្ញើមកក្រុមជំនួយការនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត ដើម្បីមានព័ត៌មានគ្រប់គ្រាន់ សម្រាប់បូកសរុប និងរាយការណ៍ជូនថ្នាក់លើឱ្យបានទាន់ពេលវេលា។

អត្ថបទទាក់ទង