រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចតេជោ ហ៊ុន សែន មានចិត្តសណ្តោសប្រណីប្រកបដោយមេត្តាធម៌ បានសម្រេចផ្តល់សម្បទានជាទឹកប្រាក់ផ្ទាល់ខ្លួនចំនួន៣មុឺនដុល្លារជូនលោកយាយ ស៊ុយ ផូ ដើម្បីបញ្ចប់រឿងក្តីដ៏រ៉ាំរ៉ៃរវាងចៅៗនៅថ្ងៃនេះ

  • 568
  • ដោយ Admin

ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេច និង ឯកឧត្តម គង់ សុភ័ណ អភិបាលខេត្តកណ្តាល នាវេលាថ្ងៃត្រង់ទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះទៅដល់ភូមិអញ្ចែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីធ្វើការសម្របសម្រួល វិវាទដ៏រ៉ាំរ៉ៃនេះរវាង លោកយាយ កូនលោកយាយ និងចៅបង្កើតលោកយាយ ដែលបានប្តឹងផ្តល់គ្នាតាមផ្លូវតុលាការ រហូតដល់មានសាលក្រមស្ថាពរ ត្រូវអនុវត្ត។

គួររំលឹកថាករណីវិវាទដីធ្លីរវាងលោកយាយ ស៊ុយ ផូ អាយុ ៩៥ឆ្នាំ និង ចៅបង្កើតចំនួន៤គ្រួសារមានសមាជិកសរុបចំនួន១៥នាក់រួមមាន៖
១-ចៅឈ្មោះ ប៊ូ ស្រីទូច មានកូន៤នាក់ក្នុងបន្ទុក
២-ចៅឈ្មោះ ប៊ូ ស្រីម៉ៅ មានកូន៦នាក់ក្នុងបន្ទុក
៣-ចៅឈ្មោះ ប៊ូ រ៉ាឌី មានកូន៤នាក់ក្នុងបន្ទុក
៤-ចៅឈ្មោះ ប៊ូ រ៉ាវីដ មានកូន១នាក់ក្នុងបន្ទុក
៥-ចៅឈ្មោះ ប៊ូ សាវុទ្ធ
៦-ចៅឈ្មោះ ប៊ូ សាវី
៧-ចៅឈ្មោះ ប៊ុន យ៉ារី។ ដោយករណីវិវាទដ៏រាំរ៉ៃនេះ បានកើតឡើងតាំងពីឆ្នាំ២០១៨ រហូតដល់មានសាលក្រមតុលាការបង្គាប់ឱ្យចៅៗទាំង១៥នាក់នោះដែលមានទាំងកុមារតូចៗចំនួន៨នាក់ផងចាកចេញពីទីតាំងដីជម្លោះដែលធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់លំនៅដ្ឋាន និងគ្មានទីកន្លែងណាសម្រាប់ជ្រកកោន។ដោយរឿងហេតុនេះ កាលពីដំបូងឡើយ លោកយាយ ស៊ុយ ផូ បានផ្តិតមេដៃប្រគល់ដីទំហំ១៣មx២០ម ស្ថិតនៅភូមិអញ្ចែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលឱ្យទៅចៅៗដើម្បីរស់នៅនឹងធ្វើជាកម្មសិទ្ធិផ្តាច់មុខ ហើយពួកគេក៏បានកាន់កាប់ និងអាស្រ័យផលអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ប៉ុន្តែបន្ទាប់មកនៅឆ្នាំ ២០១៨ លោកយាយ ស៊ុយ ផូ និងកូនបង្កើតបានប្តឹងទារយកដីលំនៅដ្ឋាននោះមកវិញ ដោយបានលើកហេតុផលថា អោយរស់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ អាជ្ញាសាលា ក៏បានអនុវត្ត២ដងរួចមកហើយ ប៉ុន្តែធ្វើទៅអត់បានសម្រេច ដោយភាគីចៅៗទាំង៤គ្រួសារមិនព្រមរើផ្ទះចេញ ហើយដែលនៅថ្ងៃទី ៧ កញ្ញា ស្អែកនេះ គឺតុលាការត្រូវបន្ត អនុវត្តដីកាបង្ខំអោយរុះរើចេញ ជាដាច់ខាត ។

តែដោយមើលឃើញទុកលំបាករបស់ប្រជាពលរដ្ឋដែលជាកូន ជាចៅ ចៅទួត សម្តេចតេជោនាយករដ្ឋមន្រ្តី មានក្តីមេត្តា និងការអាណិតអាសូរជាពន់ពេក ហើយបានចាត់ឱ្យ ឯកឧត្តម ដួង តារា និង ឯកឧត្តម គង់ សុភ័ណ្ឌ បានចុះទៅទីតាំងកន្លែងកើតហេតុជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួលផ្សះផ្សារក្រៅប្រព័ន្ធតុលាការ តាមគោលការណ៍ឈ្នះ-ឈ្នះ ដើម្បីឱ្យគូភាគីនៃគ្រួសារទាំងមូលបានឈ្នះទាំងអស់គ្នា។

ដោយសារភាគីចៅៗ ជាពលរដ្ឋក្រីក្រ គ្មានលទ្ធភាព និងធនធានទាល់តែសោះក្នុងការបង់ប្រាក់ជូនទៅលោកយាយ ស៊ុយ ផូ សម្តេចតេជោ ហ៊ុន សែន លោកមានចិត្តសណ្តោសប្រណីប្រកបដោយមេត្តាធម៌ បានសម្រេចផ្តល់សម្បទានជាទឹកប្រាក់ផ្ទាល់ខ្លួនរបស់សម្តេច ចំនួន ៣០,០០០ដុល្លារជូនលោកយាយ ស៊ុយ ផូ ដើម្បីបញ្ចប់រឿងក្តីដ៏រ៉ាំរ៉ៃរវាងចៅៗនិងយាយអាយុ៩៥ឆ្នាំរូបនេះ នៅថ្ងៃទី០៦ ខែកញ្ញានេះតែម្តង។

អត្ថបទទាក់ទង